សម្ដេច ហ៊ុន សែន៖ ខ្ញុំសុខចិត្តសុំយោបល់ ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស

764

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តកោតសរសើរ ចំពោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចអះអាងថា សុខចិត្តទទួលយក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស ដែលមានលក្ខណៈ គាបសង្កត់មកលើកម្ពុជា។

សម្តេចបានថ្លែងថា ការមកជួបសម្តេចពេលនេះ មានអ្នកខ្លះពិតជាមើលឃើញថា បក្សទាំង១៦នេះ នឹងមករណបជាមួយ គណបក្សប្រជាជនកម្ពុជា ប៉ុន្តែការគិតរបស់ពួកគេ គឺខុសស្រឡះហើយ ព្រោះគណបក្សកាន់ណាច បានទទួលយកយោបល់ ពីបក្សមិនកាន់អំណាចទាំង១៦នេះ ទៅវិញ នេះគឺជាការឲ្យតម្លៃគ្នាទៅវិញទៅមក ។

សម្តេចតេជោថ្លែងថា “ខ្ញុំសុខចិត្តសុំយោបល់ ពីគណបក្សទាំង១៦ ដែលជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជៀសជាងសុំយោបល់ពីបរទេស នេះជាចំណុចធ្វើការជាមួយគ្នា ។ ទោះបីការបោះឆ្នោត មានការផ្លោងពាក្យសំដីដាក់គ្នាក៏ដោយ ។ ខ្ញុំពេញចិត្ត ចំពោះការទទួលយកយោបល់ទាំងឡាយ ពីឧត្តមក្រុមប្រឹក្សា” ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះការប្រមូលធាតុចូល តាមរយៈរបាយការណ៍ជាក់ស្តែង របស់ប្រតិភូគណបក្សចម្រុះក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រជាជាងទទួលការបញ្ជាពីរបទេស ដែលតម្រូវ ឬដាក់គំនាប់ឱ្យកម្ពុជា ធ្វើបែបនេះ ឬបែបនោះ ដែលមិនឆ្លុះបញ្ចាំ និងលក្ខខណ្ឌពិសេស និងកម្រិតរីកចម្រើនជាក់ស្តែងរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា នេះជាការសម្រេចចិត្តយ៉ាងមុះមុតរបស់ខ្ញុំ ដោយឈរលើប្រជាធិបតេយ្យបែបកម្ពុជា ផ្អែកលើឯករាជ្យ អធិបតេយ្យជាតិ ក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ […] នេះជាចំណុចដែលខ្ញុំបានបញ្ជាក់ ខ្ញុំសុខចិត្តទទួលយកនូវយោបល់ នៃគណបក្សនយោបាយ ដែលមានយោបល់ខុសគ្នា មានចំណុចខុសគ្នាប្រសើរជាជាង ទទួលបទបញ្ជាពីបរទេស ឱ្យយើងធ្វើនេះ ឬធ្វើនោះ»។

សម្តេចបានបន្តថា ជាក់ស្តែងបើគ្មានរបាយការណ៍ ឧត្តមប្រឹក្សានេះ នឹងពិតជាមិនដឹងពីបញ្ហាអសកម្មខ្លះ កើតនៅតំបន់នានានៅកម្ពុជាឡើយ ដូចជាករណីលុបឆ្នេរសមុទ្រ នៅកោះកុងជាដើម ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអះអាងថា ទោះបីជាយ៉ាងណា មិនតម្រូវឲ្យបក្សទាំងអស់នេះ មកចុះចូលជាមួយ បក្សប្រជាជនកម្ពុជាឡើយ នៅពេលបោះឆ្នោតខាងមុខ ហើយពេលនោះ ពួកគេមានសិទ្ធិធ្វើការផ្សព្វផ្សាយ ក្នុងការទាក់ទាញសំលេងឆ្នោត ៕