ផលិតផលកសិកម្ម​កម្ពុជា នាំចេញបានជាង ៣,២លានតោន ក្នុងរយៈពេលជាង ៥ខែ ឆ្នាំនេះ

619

ភ្នំពេញ៖ ក្នុងរយៈពេល ៥ខែ ១៧ថ្ងៃ ឆ្នាំ២០២០នេះ ក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្ម មានការកើនឡើងល្អប្រសើរ លើកលែងតែម្សៅដំឡូងមីប៉ុណ្ណោះ ហើយបរិមាណនៃការនាំចេញសរុប សម្រេចបានជាង ៣,២ លានតោន។

មានផលិតផលសំខាន់ៗមួយចំនួន ត្រូវបាននាំចេញ ដូចជា៖  អង្ករ សម្រេចបានជាង ៣៨ម៉ឺន តោន ទៅកាន់ ៥៥ ប្រទេស ។  ស្រូវ(ក្រៅផ្លូវការ) សម្រេចបានជិត ៩៥ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម។ គ្រាប់ស្វាយចន្ទី សម្រេចបានជាង ១៩ ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ជប៉ុន រុស្សី ចិន ហុងកុង និងថៃ ។ ចេកស្រស់ សម្រេចបានជិត ១៣ម៉ឺនតោន ទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន។ ក្រូចថ្លុង សម្រេចបានជិត ១ម៉ឺនតោន ទៅកាន់ប្រទេសថៃ ។

លើសពីនេះ ដំណាប់ស្វាយ សម្រេចបានជាង ៤ ពាន់តោន ទៅកាន់ប្រទេស ចិន ជប៉ុន ថៃ កូរ៉េ និងវៀតណាម។  ម្សៅដំឡូងមី សម្រេចបានជាង ១ ម៉ឺនតោន ទៅកាន់ប្រទេសឥណ្ឌា ចិន ប៊ែលហ្សិក និងអ៊ីតាលី។  ស្វាយស្រស់ជាង ៤ម៉ឺន ៥ពាន់តោន ទៅកាន់ប្រទេសថៃ វៀតណាម បារាំង រុស្សី កូរ៉េ និងហុងកុង។ ចំណែកឯ ម្រេច សម្រចបានជិត ៣ពាន់តោន ទៅកាន់ប្រទេសជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វីស វៀតណាម អាមេរិច រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារូស កូរ៉េ ឆេក ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានឱ្យដឹងថា មកទល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបានជាង ១,៣ លាន ហ.ត ស្មើនឹង ៥៣,១៨% នៃផែនការចំនួន ២,៥ លានហិកតា ក្នុងនោះ មានដូចជា ស្រូវស្រាលចំនួន ៤៩ម៉ឺន ហ.ត ស្រូវកណ្តាលចំនួនជាង ៥៩ម៉ឺន ហ.ត និងស្រូវធ្ងន់ចំនួនជាង ២៤ ម៉ឺនហ.ត។

គួរបញ្ជាក់ថា សម្រាប់ដំណាំឧស្សាហកម្ម សម្រេចបានជាង ៥៥ ម៉ឺនហ.ត លើផែនការ ៨៧ម៉ឺន ហ.ត ក្នុងនោះ មាន៖ ពោតក្រហមជិត ៨ម៉ឺន ហ.ត ដំឡូងមីជាង ៤ម៉ឺន ហ.ត សណ្តែកបាយជាង ១ម៉ឺន ហ.ត សណ្តែកដីជាង ៣ ពាន់ហ.ត សណ្តែកសៀងជាង ១ ពាន់ហ.ត និងអំពៅជិត ១ម៉ឺន ហ.ត ៕

អត្ថបទ៖ អៀវ ឈៀងនី