លោក ប៉ាន សូរស័ក្តិ ប្រាប់​មន្ត្រី ឱ្យ​សកម្ម​​ក្នុង​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ទំនិញ​ក្លែងក្លាយ

542

កំពត៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានការណែនាំ និងក្រើនរំលឹកឱ្យមន្ត្រីក្រោមឱវាទ ត្រូវបន្តខិតខំអនុវត្តការងារវិមជ្ឈការ វិសហមជ្ឈការ និងមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ ខណៈដែលលោកជួបសំណេះ​សំណាលជាមួយមន្ត្រីនៅខេត្តកំពត នៅពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ក៏បានជំរុញឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.)ខេត្ត ត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពីការកាត់មន្រ្តីថ្នាក់ស្រុករបស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។ ជាពិសេសត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។

ចំពោះការចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម គឺត្រូវធ្វើឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋកំឡុងពេលការរាត្បាតនៃជំងឺកូវីដ១៩ និងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ ហើយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម កំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។

លោក ប៉ាន សូរស័ក្តិ បន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត មិនត្រូវរង់ចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើទេ គឺត្រូវចេះម្ចាស់ការដោយខ្លួនឯង និងត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង។

ម្យ៉ាងទៀត ត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋាន ស្ថានីយប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកម្សាន្តនិងទីតាំងផេ្សងៗទៀត ដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស៕

អត្ថបទ៖ គង់ ប៊ុនណា