កម្ពុជា និងចិន គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងឆ្នាំ ២០២០នេះ ក្រោយការចរចាបញ្ចប់ដោយជោគជ័យ

45

កែប៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមការងារបច្ចេកទេស ទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប្រមាណ ២០ភាគរយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងសម្រាប់កម្ពុជា។

លោកបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ២០ភាគរយ។

សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។

ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។

លោករដ្ឋមន្ត្រីបានជំរុញឱ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្មឱ្យបានល្អ និងត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឱ្យកាន់តែសកម្មថែមទៀត ហើយត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ថ្មីៗជាដើម។

លោករដ្ឋមន្ត្រី បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវសហការជាមួយអាជ្ញាខេត្តអនុវត្តការងារ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពីការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់ និងត្រូវចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋាន ស្ថានីយប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកម្សាន្ត និងទីតាំងផេ្សងៗទៀតដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល។ ហើយមិនត្រូវចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើទេ ត្រូវចេះម្ចាស់ការដោយខ្លួនឯង ពិសេសបំផុតនោះ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង៕