ព្រះសីហនុ៖ លោក គួច ចំរើន បានប្រាប់ឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក នៅក្នុងក្រុងព្រះសីហនុ ត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្នសិន កាលពីនារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ខណៈពេលចុះទៅពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែក ចំនួន៣កន្លែង៣ការដ្ឋាន ដែលជាគម្រោងវិនិយោគរបស់អ្នកវាយោគចិន នៅក្នុងមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី, មន្ត្រីសាលាខេត្ត និងសាលាក្រុងព្រះសីហនុមួយចំនួនទៀត។
ការផ្អាកសកម្មភាពសាងសង់ ជាបណ្ដោះអាសន្ននេះ គឺដើម្បីទុកពេលវេលាឲ្យក្រុមមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យបច្ចេកទេស និងគុណភាពនៃសំណង់សិន។
បន្ទាប់ពីមានករណីបាក់រលំអគារ កំពស់៧ជាន់ នៅក្នុងខេត្តព្រះសីហនុ បណ្ដាលឲ្យមានមនុស្សស្លាប់ សរុបស្លាប់២៨នាក់ និងរងរបួស២៦នាក់ រួចមក រាជរដ្ឋាភិបាលបានដាក់បញ្ជា ឲ្យត្រួតពិនិត្យបច្ចេកទេស និងគុណភាព នៃការដ្ឋានសំណងសាងសង់ទាំងអស់ នៅទូទាំងប្រទេស និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតឲ្យសាងសង់។
គួររំម្លឹកផងដែរថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតណែនាំ អភិបាលខណ្ឌទាំង១៤ ស្តីពីវិធានការទប់ស្កាត់ សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ ដោយលោកសង្គត់ធ្ងន់ថា ក្នុងករណីដែលសំណង់ គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត សាងសង់នៅតែកើតមាន ហើយបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាលទៅតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕