កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ កងទ័ពអាមេរិកចំនួន ១៣០,០០០នាក់ បានចាប់ផ្ដើមចូលលុកលុយ អ៉ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបដឹកនាំលោក សាដាំ ហូសេន ដោយមានការគាំទ្រពីកងទ័ពសម្ព័ន្ធមិត្ត របស់ខ្លួនមានដូចជាអង់គ្លេស ជាដើម។ មុនការវាយលុកលើ អ៉ីរ៉ាក់ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush បានទុកពេលឱ្យលោក សាដាំ ហូសេន ៤៨ម៉ោង ដើម្បីចុះចេញពីអំណាច ប៉ុន្តែមេដឹកនាំរូបនេះ បានបដិសេធ ទើបលោក ប្រធានាធិបតីអាមេរិក George W. Bush ចេញបញ្ជាឱ្យយោធាអាមេរិក បាញ់មីស៊ីល Tomahawk ចូលក្នុងទីក្រុងបាកដាដ ហើយនៅដើមខែមេសា ឆ្នាំដដែល ទីក្រុងបាកដាដ ទាំងស្រុង បានធ្លាក់ចូលទៅក្នុងដៃអាមេរិក រីឯរូបសំណាក សាដាំ ហូសេន ក៏ត្រូវបានគេបំផ្លាញចោលផងដែរ។
សហរដ្ឋអាមេរិក ប្រកាសធ្វើសង្គ្រាមជាមួយអ៊ីរ៉ាក់ ដោយអះអាងថា របបដឹកនាំរបស់លោក សាដាំ ហូសេន មានអាវុធប្រល័យលោក តែក្រោយសង្គ្រាមបញ្ចប់ អន្តរជាតិ និងអាមេរិកខ្លួនឯង រកមិនឃើញភស្ដុងតាងបញ្ជាក់ថា ទីក្រុងបាកដាដ មានអាវុធនុយក្លេអ៊ែរនោះទេ។ ក្រុមអ្នកជំនាញអន្តរជាតិជាច្រើន បានចោទប្រកាន់រដ្ឋបាលលោក Bush ថាបានកុហកប្រជាជនអាមេរិក និងពិភពលោកទាំងមូល ថា អ៉ីរ៉ាក់ មានអាវុធប្រល័យលោក ហើយរហូតដល់មានពាក្យចចាមអារ៉ាម ខ្លះថា លោក Bush នៅកាលណោះបានបញ្ជាឱ្យ CIA សរសេររបាយការណ៍ធ្វើយ៉ាងណាបញ្ជាក់ថាលោក សាដាំ ហូសេន កំពុងអភិវឌ្ឍ និងមានអាវុធនុយក្លេអ៊ែរទៀតផង បើទោះជាទីភ្នាក់ងារស៊ើបការណ៍ សំងាត់អាមេរិក ប្រាប់លោកថា អ៉ីរ៉ាក់ គ្មានអាវុធនុយក្លេអ៊ែរក៏ដោយ។
តាមការពិតគំនិតចង់ធ្វើសង្គ្រាមផ្ដួលរំលំរបបដឹកនាំ សាដាំ ហូសេន កើតមានឡើងតាំងតែពីសម័យ អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលជាឪពុករបស់លោក George W. Bush មកម្លេះ។ នៅចុងឆ្នាំ១៩៩០ សាដាំ ហូសេន បានបញ្ជាកងទ័ពចូលឈ្លានពានប្រទេស គុយវ៉ែត ហើយប៉ុន្មានខែក្រោយមក កងទ័ពអាមេរិកក្រោមបញ្ជារបស់ លោក George H.W. Bush បានចូលជួយរំដោះគុយវ៉ែត ប៉ុន្តែនៅពេលនោះអាមេរិក នៅតែទុកឱ្យលោក សាដាំ ហូសេន បន្តកាន់អំណាចដដែល។
នៅខែមករា ឆ្នាំ១៩៩៨ វិទ្យាស្ថាន Project for a New American Century (PNAC) បានផ្ញើលិខិតចំហមួយជូនអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន ដោយព្រមានថា សហរដ្ឋអាមេរិក នឹងប្រឈមមុខនឹងការគំរាមកំហែងមួយដ៏ធំ ក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារតែមនោគមន៍វិជ្ជាជាតិនិយមអារ៉ាប់របស់សាដាំ ហូសេន។ ដូច្នេះចាំបាច់ណាស់ត្រូវតែផ្ដួលរំលំមេដឹកនាំ ផ្ដាច់ការរូបនេះចេញពីអំណាច។
ប៉ុន្តែលោក ប៊ីល គ្លីនតុន មិនបានគិតគូរពីការព្រមាននេះឡើយ រហូតដល់លោក George W. Bush ឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកនៅឆ្នាំ២០០១ ទើបគេមើលឃើញថា គំនិតចង់ធ្វើសង្គ្រាមជាមួយអ៉ីរ៉ាក់ផ្ទុះឡើងសាជាថ្មី ដោយលោក Bush បានតែងតាំងមន្ត្រីយោធាជាន់ខ្ពស់ ដែលសុទ្ធសឹងតែជាមនុស្សធ្លាប់ បម្រើការនៅក្រោមអតីតរដ្ឋបាលរបស់ឪពុកលោក។
ដើម្បីធ្វើសង្គ្រាមជាមួយអ៉ីរ៉ាក់ លោក Bush បានទាញភ្ជាប់ទំនាក់ទំនងរវាង សាដាំ ហូសេន និងក្រុមភេរវករអាល់កៃដា ព្រមទាំងចោទថា របបដឹកនាំរបស់លោក សាដាំ ហូសេន មានអាវុធប្រល័យលោក។ ប៉ុន្តែអ្នកជំនាញអន្តរជាតិភាគច្រើនយល់ថា សង្គ្រាមជាមួយអ៉ីរ៉ាក់ គឺដើម្បីពង្រីកលិទ្ធិប្រជាធិបតេយ្យ តាមស្ដង់ដារអាមេរិកកាំង, ប្រេង និងគ្រាន់តែបង្ហាញដល់មេដឹកនាំផ្ដាច់ការដទៃ ដូចជានៅ ស៊ីរី អ៉ីរ៉ង់ លីប៊ី និងកូរ៉េខាងជើង ពីអំណាចរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតមជ្ឈដ្ឋានខ្លះក៏បាន អះអាងដែរថា សហរដ្ឋអាមេរិកចង់ បានប្រេងពី អ៉ីរ៉ាក់ ជាជាងនយោបាយទៅទៀត។
ជាក់ស្ដែង នៅក្នុងអត្ថបទមួយរបស់ CNN ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ក៏បាននិយាយដែរថា សង្គ្រាមជាមួយ អ៉ីរ៉ាក់ គឺដើម្បីប្រេង។ ដ្បិតនៅមុនពេលសង្គ្រាមឆ្នាំ២០០៣ ឧស្សាហកម្មប្រេង អ៉ីរ៉ាក់ មានលក្ខណៈជាជាតិតូបនីយកម្ម មិនបើកចំហរឱ្យក្រុមហ៊ុនបរទេសណា ចូលរកស៊ីជាមួយឡើយ។ ប៉ុន្តែ ១០ឆ្នាំ ក្រោយសង្គ្រាម គេឃើញថា ឧស្សហកម្មប្រេងនេះ ប្រែក្លាយជាឯកជន និងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសចូលវិនិយោគ។ ជាឧទាហរណ៍ ក្រុមហ៊ុនប្រេងអាមេរិក ដូចជា ExxonMobil និង Chevron សុទ្ធតែបានបង្កើតមូលដ្ឋានក្រុមហ៊ុនរបស់ខ្លួនជាច្រើននៅ អ៉ីរ៉ាក់។
អតីតប្រធានាធិបតីអាមេរិក លោក George W. Bush នៅខែតុលា ឆ្នាំ២០០២ បានអះអាងថា របបដឹកនាំ សាំដាំ ហូសេន មានអាវុធប្រល័យលោក។ ប៉ុន្តែក្រោយសង្គ្រាមអ៉ីរ៉ាក់ចប់ គេពុំបានរកឃើញភស្ដុតាងបញ្ជាក់ថា ទីក្រុងបាកដាដ មានអាវុធប្រល័យលោកនោះទេ ហើយសូម្បីតែអតីតនាយក CIA លោក George Tenet ក៏បានកត់សម្គាល់នៅដើមឆ្នាំ២០០៤ ដែរថា CIA បាន ជូនដំណឹងដល់អ្នកបង្កើតគោលនយោបាអាមេរិកថា ខ្លួនគ្មានព័ត៌មានជាក់លាក់បញ្ជាក់ពីប្រភេទ ឬបរិមាណ នៃអាវុធប្រល័យលោករបស់អ៉ីរ៉ាក់នោះឡើយ។
លើសពីនេះទៅទៀត នៅខែធ្នូ ឆ្នាំ២០០២ លោក Bush ខ្លួនឯងផ្ទាល់បានប្រកាសដូច្នេះថា៖ «យើងមិនបានដឹងឱ្យប្រាកដថា អ៉ីរ៉ាក់មាន ឬមិនមានអាវុធប្រល័យលោក នោះទេ»។ រីឯ លោក Tenet ក៏បានបញ្ជាក់ប្រាប់សភាអាមេរិកដែរថា សាដាំ ហូសេន គ្មានអាវុធបែបនេះទេ។
ដោយឡែក កាន់តែពិសេស នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦ ប្រធានាធិបតី បច្ចុប្បន្ន លោក ដូណាល់ ត្រាំ បាននិយាយចំៗតែម្ដងថា លោក George W. Bush បានកុហក ប្រជាជនអាមេរិកថា អ៉ីរ៉ាក់មានអាវុធប្រល័យលោក។ «អ្នកធ្វើអ្វីតាមដែលអ្នកចង់បាន…តែខ្ញុំចង់ ប្រាប់អ្នកទាំងអស់ថា ពួកគេបានកុហក។ ពួកគេបាននិយាយថា អ៉ីរ៉ាក់មានអាវុធប្រល័យលោក តែតាមពិតគឺគ្មានទាល់តែសោះ ហើយពួកគេក៏ដឹងមុនដែរថា គ្មាន គឺគ្មានអាវុធបែបនេះឡើយ»។ នេះជាសម្ដីលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រ។
គួរបញ្ជាក់ថា សង្គ្រាមអ៉ីរ៉ាក់ឆ្នាំ២០០៣ បានផ្ដាច់ជីវិតប្រជាជនស៊ីវិលអ៉ីរ៉ាក់រាប់សែននាក់ ហើយមកទល់នឹងបច្ចុប្បន្ន បើទោះជាក្រុម ISIS ត្រូវបានកម្ចាត់ក៏ដោយ ប៉ុន្តែ អ៉ីរ៉ាក់ មិនទាន់មានសន្តិសុខពេញលេញផងដែរ។ លោក សាដាំ ហូសេន វិញ ត្រូវបានគេកាត់ទោសប្រហារជីវិត ដោយព្យួរក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦៕
ប្រភពពី៖ Fresh News