Washington Post៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា “cyber attack” ដោយធ្វើឱ្យប្រព័ន្ធគ្រប់គ្រងអាវុធ ជាច្រើនរបស់អ៉ីរ៉ង់ ចាប់គាំងមិនដំណើរការ កាលពីថ្ងៃព្រហស្បតិ៍ទី២០ មិថុនា កន្លងទៅនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសលុបចោលបទបញ្ជា ឲ្យវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងតេហេរ៉ង់។
មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅកាសែតអាមេរិក Washington Post ថា ការវាយប្រហារតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា “cyber attack”នេះ ត្រូវបានគ្រោងទុកអស់ រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយមានគោលដៅធ្វើឱ្យប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងអាវុធ ដែលមានដូចជា គ្រាប់រ៉ុក្កែត និងប្រព័ន្ធបាញ់មីស៊ីលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាប់គាំងមិនដំណើរការ។
ការធ្វើបែបនេះរបស់ សហរដ្ឋអាមេរិក គឺដើម្បីសងសឹក អ៉ីរ៉ង់ វិញចំពោះការបាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិក រួមទាំងការវាយប្រហារលើកប៉ាល់ដឹកប្រេង ដែលអាមេរិកបានចោទអ៉ីរ៉ង់ថាជាអ្នកប្រព្រឹត្ត នៅក្នុងតំបន់ឈូងសមុទ្រអ៉ូម៉ង់ និងឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលថ្មីនេះ។ អ៉ីរ៉ង់មិនទាន់ប្រតិកម្មតប ចំពោះការដែល អះអាងចំពោះការវាយប្រហារ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា “cyber attack” នេះនៅឡើយទេ។
គួររំម្លឹកផងដែរថា ភាពតានតឹងរវាងប្រទេសទាំងពីរ ឈានដល់កម្រិតគ្រោះថ្នាក់មួយកាលពីសប្តាហ៍មុន បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង ដោយអ៊ីរ៉ង់អះអាងថា បានរំលោភចូលដែនអាកាសរបស់ខ្លួន។ លោក ដូណាល់ ត្រាំ ខឹងដាច់ក្បាលដាច់កន្ទុយ បានប្រកាសបើកការវាយប្រហារលើអ៊ីរ៉ង់ ប៉ុន្តែបានធ្វើការសម្រេចចិត្តដកបញ្ជាវិញភ្លាមៗ។ លោក ដូលណាល់ ត្រាំ តែងតែបញ្ជាក់ដែរថា លោកចង់ចរចាជាជាងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់៕