Channel News Asia៖ ក្រុមហ៊ុនទូរគមនាគមន៍ហ្វីលីពីន Globe Telecom បានប្រកាសអំពីការគម្រោងដាក់ដំណើរការនូវប្រព័ន្ធសេវា 5G មុនគេនៅអាស៊ីអាគ្នេយ៍នៅខែក្រោយនេះ ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei ដោយមិនខ្វល់អំពីការចោទប្រកាន់របស់អាមេរិក ចំពោះគ្រោះថ្នាក់នៃការប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei នោះទេ។
ក្រៅពីសហការជាមួយក្រុមហ៊ុន Globe Telecom ក្រុមហ៊ុន Huawei ក៏មានកិច្ចសន្យា ផ្គត់ផ្គង់បរិក្ខាប្រព័ន្ធឃ្លាំមើលសុវត្ថិភាព (CCTV) សម្រាប់គម្រោងមួយទំហំ ៤០០លានដុល្លាររបស់ប៉ូលិសហ្វីលីពីន ដើម្បីកាត់បន្ថយបទឧក្រិដ្ឋនៅតាមទីក្រុង នៃប្រទេសហ្វីលីពីនផងដែរ។

នៅក្នុងកំឡុងទស្សនកិច្ច មកកាន់ហ្វីលីពីនកាលពីខែមីនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានព្រមានហ្វីលីពីន ចំពោះការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ហើយប្រទេសហ្វីលីពីន ត្រូវបានគេដឹងថា ជាប្រទេសដែលមានទំនាក់ទំនងផ្នែកយោធា យ៉ាងល្អិតល្មួតជាមួយនឹងសហរដ្ឋអាមេរិក៕