បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី រវាងក្រុមមន្ត្រីអាមេរិក និងចិន ដើម្បីរកដំណោះស្រាយចំពោះ សង្គ្រាមពាណិជ្ជកម្ម នៅទីក្រុងសៀងហៃ ក្នុងសប្ដាហ៍នេះ មិនទទួលបានលទ្ធផលអ្វីនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងយកពន្ធ១០ភាគរយ ទៅលើផលិតផលនាំចូលពីប្រទេសចិន បន្ថែមទៀត ដែលសរុបទាំងអស់មានតម្លៃប្រមាណ ៣០០ពាន់លានដុល្លារ។
លោក ដូណាល់ ត្រាំ ក៏បានរិះគន់ប្រទេសចិនថា មិនគោរពតាមពាក្យសន្យាក្នុងការទិញផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិក ក្រោយជំនួបនៅប្រទេសជប៉ុន និងថា ប្រហែលជាប្រទេសចិន ចង់ពន្យាពេលសម្រាប់លទ្ធផលបោះឆ្នោតនៅឆ្នាំ២០២០ ខាងមុខនេះ ដើម្បីចរចារជាមួយប្រធានាធិបតីថ្មី។

លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រសិនបើលោកជាប់ឆ្នោតទៀតនោះ ចំពោះការចរចាពាណិជ្ជកម្មមួយ ប្រទេសចិន នឹងកាន់តែពិបាកជាងនេះទៅទៀត។
ការយកពន្ធ ១០ភាគរយ លើផលិតផលរបស់ប្រទេសចិន បន្ថែមទៀតនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ហើយផលិតផល ត្រូវយកពន្ធ ក្នុងនោះមានចាប់ពីទូរស័ព្ទដៃស្មាតហ្វូន រហូតដល់សំម្លៀកបំពាក់៕