យ៉ាងហោចណាស់មាន គ្រាប់បែកកែច្នៃ បានផ្ទុះឡើងនៅ ០៣ ទីតាំងផ្សេងគ្នា ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រទី២ ខែសីហា នេះ ដែលបានបណ្ដាលឲ្យ មនុស្ស ៣នាក់ បានរងរបួសស្រាល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃផ្ទាល់ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅតំបន់ភាគកណ្តាលនៃទីក្រុងបាងកក ដែលជាជាទីកន្លែង កំពុងទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីបណ្តាប្រទេសក្នុងសមាគមអាស៊ាន និងមកពីបណ្តាប្រទេសមហាអំណាច រួមមានសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។

អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេត ចំពោះហេតុការណ៍នេះ ដើម្បីស្វែងរកជនបង្ក និងមូលហេតុនៃការបំផ្ទុះនេះ ទោះ ពុំមានមនុស្សបាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរខ្លាំងក៏ដោយ។

រដ្ឋាភិបាលថៃ បានអំពាវនាវឲ្យសាធារណជន កុំភ័យស្លន់ស្លោ ខណប៉ូលីស ធ្វើការរឹតបន្តឹងផ្នែកសន្តិសុខ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានថ្កោលទោសអ្នកដែលនៅពីក្រោយការបំផ្ទុះនេះ ដោយបានថ្លែងថា៖ “ចំពោះការបំផ្ទុះគ្រាប់បែកនៅព្រឹកនេះ ខ្ញុំសូមថ្កោលទោសចំពោះអ្នកដែលបង្ក ដើម្បីបំផ្លាញសុខសន្តិភាព និងធ្វើឱ្យខូចមុខមាត់ប្រទេស។ ខ្ញុំបានណែនាំឱ្យមន្ត្រីទាំងអស់ យកចិត្តទុកដាក់លើសុវត្ថិភាពសាធារណៈ និងអ្នកដែលរងគ្រោះឲ្យទាន់ពេលវេលា”៕ ប្រភព៖ ST