ឧស្សាហកម្ម​អាកាសចរណ៍ ត្រូវបាន​ព្យាករថា នឹង​ខាតបង់​ប្រាក់​ដល់ ៨៤ពាន់លានដុល្លារ​នៅឆ្នាំនេះ

1252

អន្តរជាតិ៖ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានព្យាករកាលពីថ្ងៃអង្គារថា វិបត្តិកូវីដ១៩ នឹងធ្វើឲ្យឧស្សាហកម្មអាកាសចរណ៍ខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំ មិនធ្លាប់មានពីមុនមករហូតដល់ ៨៤ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០។

អគ្គនាយកសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិលោក អាឡិចសាន់ដ្រេ ដឺ ជូនៀក (Alexandre de Juniac) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ឆ្នាំ២០២០នេះគឺជាឆ្នាំដែលឧស្សាហកម្មអាកាសចរណ៍ធ្លាក់ចុះអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ បាននិយាយថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសត្រូវបានគេរំពឹងថានឹងកើនឡើង ៥៥%វិញនៅក្នុងឆ្នាំ២០២១។

លោក អាឡិចសាន់ដ្រេ បាននិយាយថា ប្រសិនបើវីរុសកូវីដ១៩ ផ្ទុះឡើងជាលើកទី២ លោកសង្ឃឹមថា រដ្ឋាភិបាលប្រទេសនីមួយៗនឹងចាត់វិធានការផ្សេងដោយជៀសវាងការបិទប្រទេសទាំងមូល។

លោកបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍នានាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមប្រតិបត្តិការសាជាថ្មី ហើយបានបន្ថែមថា រដ្ឋាភិបាលគួរតែបើកព្រំដែនឡើងវិញឲ្យបានលឿន៕