​អាកាសយានដ្ឋាន ​តារាសាគរ គឺ​សម្រាប់​បម្រើ​ដល់​វិស័យ ទេសចរណ៍ និង ​ពាណិជ្ជកម្ម

738

ភ្នំពេញ៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ បានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងតំបន់វិសម្សកាលទេស​ចរណ៍តារាសាគរ គឺមិនមែនសម្រាប់បម្រើឱ្យវិស័យោធា ដូចពាក្យចចាមអារ៉ាម បានលើកឡើងនោះទេ។ ប៉ុន្តែអាកាសយានដ្ឋាននេះ កសាងឡើងសម្រាប់បម្រើទៅដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

លោកស្រី បានបន្ថែមថា គិតមកដល់ពេលនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ សាងសង់បានប្រមាណ ៥០ ទៅ៦០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ឬ នៅដើមឆ្នាំ២០២១ខាងមុខ។

ការលើកឡើងរបសលោកស្រីអភិបាលខេត្ត បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

សូមជម្រាបថា វិសម្សកាលទេសចរណ៍តារាសាគរ ត្រូវបានអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Tianjin Union Development Group   ដោយបានទទួលដីសម្បទាន ពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន៤៥០០០ហិកតា ក្នុងស្រុកចំនួន២ នៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍន៍ទៅជាកន្លែងលម្ហែកាយដ៏ធំមួយ។ នៅក្នុងគម្រោងការអភិវឌ្ឍនេះ រួមមានទាំងការសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែទឹកជ្រៅផងដែរ៕