ភ្នំពេញ៖ នៅកម្ពុជា ដុល្លារូបនីយកម្ម ត្រូវបានចាក់ឬសគល់យ៉ាងជ្រៅទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលកំពុងបង្កជាឧបសគ្គដល់គោលនយោបាយជំរុញការប្រើប្រាស់លុយរៀលខ្មែររបស់ធនាគារជាតិ។ នេះក៏ព្រោះតែវាមានវត្តមាននៅទីផ្សារកម្ពុជា តាំងពីទសវត្សឆ្នាំ១៩៩០ ដែលហូរចូលតាមរយៈអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។
ធនាគារជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល កំពុងរិះរកវិធីសាស្ត្រធ្វើការកាត់បន្ថយដុល្លារូបនីយកម្មនៅក្នុងប្រទេសកម្ពុជា ដែលកំពុងចរាចរណ៍ប្រាក់ដុល្លារអាមេរិកប្រមាណជាង ៨០ភាគរយ នៅក្នុងទីផ្សារបច្ចុប្បន្ន។ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ការធ្វើបដិដុល្លារូបនីយកម្ម ជាការងារដ៏លំបាក និងទាមទារពេលវេលាយូរ និងចាំបាច់នូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ និងជានាយកអង្គការមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានមានប្រសាសន៍ថា ដើម្បីបង្កើនទំនុកចិត្តដល់សាធារណៈជនទៅលើរូបិយប័ណ្ណជាតិ «លុយរៀល» ព្រមទាំងជំរុញការប្រើប្រាស់លុយរៀលឱ្យកាន់តែទូលំទូលាយ ធនាគារជាតិនៃកម្ពុជា គួរតែកំណត់តម្លៃលុយរៀលឱ្យនៅថេរ ដែលមានភាពងាយស្រួលទូទាត់ជាមួយលុយដុល្លារអាមេរិក។
ត្រង់ចំណុចនេះ លោក ច័ន្ទ សុផល ដែលធ្លាប់សិក្សាពីដុល្លារូបនីយកម្មតាំងពីឆ្នាំ១៩៩៧មកនោះ បានយល់ឃើញថា ប្រសិនបើអាចកំណត់ «តម្លៃលុយរៀល ឱ្យនៅថេរ ៤០០០រៀល» ក្នុងរយៈពេលយូរអង្វែង ធៀបជាមួយ «លុយដុល្លារអាមេរិក ក្នុងមួយដុល្លារ» សាធារណៈជន នឹងមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ទូទាត់ទំនិញ ហើយពួកគេ នឹងចង់រក្សាទុកលុយរៀលកាន់តែច្រើនឡើង។
អ្នកសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា កន្លងមកការទូទាត់ថ្លៃទំនិញលក្ខណៈតូចៗ តែងមានភាពស្មុកស្មាញច្រើនសម្រាប់អ្នកប្រើប្រាស់ ដោយសារបញ្ហាហាងឆេងតម្លៃអត្រាប្តូរប្រាក់ ដែលធ្វើឱ្យការកាន់លុយដុល្លារអាមេរិក ហាក់មានប្រៀបជាងលុយរៀលខ្មែរ។ ម៉្យាងទៀត ក៏នាំឱ្យមានការថ្នាំងថ្នាក់ ឬអន់ចិត្ត ចំពោះការទូទាត់ ដែលគេយល់ថា មិនមានតម្លាភាពតាមអត្រាប្តូរប្រាក់នៅលើទីផ្សារ។
នៅកម្ពុជា ដុល្លារអាមេរិក ត្រូវបានគេប្រើប្រាស់ជាមធ្យោបាយសម្រាប់កំណត់តម្លៃសម្រាប់ទូទាត់ និងសម្រាប់សន្សំ ពោលគឺ តួនាទីសំខាន់ៗ ទាំង៣ នៃ រូបិយប័ណ្ណ។ តម្លៃទំនិញភាគច្រើនត្រូវគិតជា ដុល្លារ ការទិញដូរ ភាគច្រើន ត្រូវទូទាត់ដោយប្រើលុយដុល្លារ ហើយការដាក់លុយសន្សំនៅធនាគារភាគច្រើន ត្រូវដាក់ជាដុល្លារ។
ប្រាក់ដុល្លារអាមេរិក បានហូរចូលមកកម្ពុជា តាមរយៈជំនួយ កម្ចី ការវិនិយោគ ចំណូលពីការនាំចេញ និងទេសចរ ខណៈពេលដែលសេដ្ឋកិច្ច ត្រូវបានបើកទូលាយទៅកាន់ពិភពលោក។ ប៉ុន្តែរដ្ឋាភិបាល បានបង្កើនការប្រើប្រាស់ប្រាក់រៀលពី ១៥ទៅ ២០ភាគរយ ជារៀងរាល់ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ដុល្លារូបនីយកម្ម បានរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនសកម្ម ភាពសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាមធ្យមប្រមាណជាង ៧ភាគរយ ជាងពីរទសវត្សចុងក្រោយនេះ។ ល្បឿនកំណើន ដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានជំរុញដោយការវិនិយោគផ្ទាល់ពី បរទេស ការនាំចេញ និងសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងតំបន់ និងពិភពលោក។
ទោះជាយ៉ាងនេះក្តី ខណៈដែលប្រទេសកម្ពុជា កំពុងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ កម្រិតដុល្លារូបនីយកម្មខ្ពស់ បានធ្វើឱ្យកម្ពុជាងាយរងឥទ្ធិពលពីខាងក្រៅ និងប្រ ឈមនឹងហានិភ័យចម្បងៗ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
ដើម្បីជំរុញការប្រើប្រាស់លុយរៀល រាជរដ្ឋាភិបាល បានតម្រូវឱ្យធ្វើការបង់ពន្ធជាប្រាក់រៀល បើកប្រាក់ខែជូនមន្ត្រីរាជការជាប្រាក់រៀល និងការបង់វិក័យបត្រទឹក និងភ្លើងជាប្រាក់រៀល ព្រមទាំងជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានា ផ្តល់ការលើកទឹកចិត្តដល់អតិថិជនសម្រាប់ការប្រើប្រាស់សេវាជាប្រាក់រៀលផងដែរ។
តែយ៉ាងណាក៏ដោយ សហគ្រាស និងក្រុមហ៊ុនឯកជនស្ទើរតែទាំងអស់ នៅបន្តបើកប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក៕
អត្ថបទ៖ សៀម ប៊ុនធី