ការ​នាំចូល​មក​ពី​ ​អាមេរិក ធ្លាក់ចុះ​ខ្លាំង​បំផុត ​ពុំធ្លាប់មាន នៅដើមឆ្នាំនេះ

655

ភ្នំពេញ៖ ស្របពេលការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក រយៈពេល ៤ខែ ឆ្នាំ២០២០នេះ បានកើនឡើងក្នុងអត្រាខ្ពស់បំផុតពុំធ្លាប់មាន ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនោះ បែរជាការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកាន់ទីផ្សារកម្ពុជាវិញ ក្នុងរយៈពេលដូចគ្នា បានធ្លាក់ចុះ ក្នុងអត្រាទាបបំផុត ពុំធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិកបានបង្ហាញថា រយៈពេល៤ខែដំបូងឆ្នាំ២០២០នេះ ការនាំចូលផលិតផលគ្រប់ប្រភេទពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា បានធ្លាក់ចុះក្នុងអត្រាដល់ទៅជិតជាង ៣៥% ធៀបនឹងការនាំចូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមតួលេខ រយៈពេល៤ខែឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចូលផលិតផលពីអាមេរិកក្នុងទឹកប្រាក់ជាង ១០៨លានដុល្លារ ដោយបានធ្លាក់ចុះទឹកប្រាក់ពីជាង១៦៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើគិតក្នុងរយៈពេល ១ឆ្នាំពេញ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំចូលទំនិញគ្រប់ប្រភេទពីសហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ៥១៤លានដុល្លារ ដោយបានកើនឡើងអត្រា ១៥%ធៀបនឹងការនាំចូលកាលពីឆ្នាំ២០១៨កន្លងទៅ។

សូមបញ្ជាក់ថា ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលពីអាមេរិក គឺជាប្រភេទទំនិញប្រណិតៗមានតំលៃខ្ពស់ដូចជា ផលិតផលរថយន្ត គ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិកមួយចំនួនទៀត៕

អត្ថបទ៖ អាន ច័ន្ទថ្លា