ភ្នំ៥៣ ខេត្តបាត់ដំបង រមណីយដ្ឋានដែលភ្ញៀវទេសចរមិនគួរមើលរំលង

1166

បាត់ដំបង៖ ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រមណីយដ្ឋានភ្នំ៥៣ មានទេសភាពស្រស់ត្រកាល ព្រមទាំងខ្យល់អាកាសបរិសុទ្ធល្អផងដែរ។ ភ្ញៀវទេសចរ អាចអង្គុយគយគន់ទេសភាពព្រៃឈើ ព្រមទាំងពពកអណ្តែតជាប់ភ្នំ និងពិសារអាហារយ៉ាងឈ្ងុយឆ្ញាញ់ៗ និងភេសជ្ជៈចម្រុះជាច្រើនមុខ។

នៅតាមដងផ្លូវទៅកាន់រមណីយដ្ឋាន ភ្ញៀវទេសចរ ក៏អាចឆៀងចូលលេងទស្សនាកម្សាន្តនូវចម្ការដំឡូង ស្វាយ ស្វាយចន្ទី ដូង ល្ហុង ជាដើម។ មិនតែប៉ុណ្ណោះ រមណីយដ្ឋានភ្នំ៥៣ មានទឹកជ្រោះហូរធ្លាក់ពីលើភ្នំយ៉ាងទាក់ទាញទៀតផង អមជាមួយផ្ទាំងសិលាពណ៌សដេរដាសពេញលើកំពូលភ្នំ។

ទឹកធ្លាក់ជ្រោះភ្នំ៥៣ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលស្ថិតនៅលើភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់នឹងព្រំដែនកម្ពុជា- ថៃ កំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបាននាំគ្នាទៅលេងកម្សាន្តមិនចេះដាច់ មិនថាថ្ងៃធម្មតា ថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកផ្សេងៗនោះទេ។ នៅទឹកធ្លាក់ជ្រោះភ្នំ៥៣នេះ គេអាចងូតទឹកលេងកម្សាន្ត អាចគយគន់នូវទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលព័ទ្ធជុំវិញទៅដោយជ្រលងភ្នំជាច្រើន៕

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

ដោយ៖ លាភ