តើ​អ្វី​ទៅជា ពិធី​លៀង​តែ របស់​ប្រទេស​ជប៉ុន​?

53328

ពិធី​លៀង​តែ​ជប៉ុន ឬ​ជា​ភាសា​ជប៉ុន «​ឆា​ណុ​យឺ​» ដែល​ត្រូវបាន​ស្គាល់​ថា ឆា​ដូ ឬ សា​ដូ គឺជា​ក្បួនខ្នាត នៃ​ការ​ឆុង​ម្សៅ តែ​បៃតង សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​។

ពិធី​លៀង​តែ ដែល​ពេញលេញ​តាម​ក្បួនខ្នាត ជាទូទៅ​ចំណាយពេល​យ៉ាងយូរបំផុត ប្រហែលជា​៤​ម៉ោង រួមទាំង​ការទទួល​ទាន chakaiseki និង​តែ​បៃតង​២​ប្រភេទ​រួមមាន koicha និង usucha ហើយ​ស្របពេលនោះ​ម្ចាស់ផ្ទះ បានធ្វើ​ឲ្យ​ភ្ញៀវ​ចូលរួម​ទទួលបាន​នូវ​ភាព​រីករាយ និង​អារម្មណ៍​ប្រកបដោយ​សេចក្តី​ស្ងប់ស្ងៀម​។​

ដើម្បី​រៀបចំ​ពិធី​លៀង​តែ​យ៉ាង​ពេញលេញ ម្ចាស់ផ្ទះ​ត្រូវ​ចំណាយពេល​យូរ ដើម្បី​ក្លាយជា​អ្នកជំនាញ​ក្នុង​ពិធី​លៀង​តែ មិន​ត្រឹមតែ​ត្រូវ​សិក្សា​ទៅលើ​ក្បួនខ្នាត នៃ​ការ​ឆុងតែ​នៅ​ចំពោះមុខ​ភ្ញៀវ​ប៉ុណ្ណោះ​ទេ ថែមទាំង​សិក្សា​ពី​ការ​ឲ្យ​តម្លៃ ទៅលើ​វត្ថុ​សិល្បៈ​, កំណាព្យ​, ការសរសេរ​អក្សរ​ផ្ចង់​, ការរៀបចំ​ផ្កា​, ការ​ចម្អិន​អាហារ​, ការថែរក្សា​សួនច្បារ និង ស្របពេល​គ្នា​នោះដែរ ត្រូវ​រៀន​ពី​កាយវិការ​សមរម្យ និង​ការយកចិត្តទុកដាក់ ទៅលើ​តម្រូវការ​ផ្សេងៗ​ទៀត​។​

ឧបករណ៍ប្រើប្រាស់ នៅក្នុងពិធី លៀងតែ​ របស់ជប៉ុន

​ទោះបីជា គ្រប់ការ​ព្យាយាម​ទាំងអស់ ធ្វើឡើង​ដើម្បី​ឲ្យ​អ្នកចូលរួម ទទួលបាន​ភាព​រីករាយ​ក៏ដោយ ក៏​យើង​មិនអាច​យក ក្បួនខ្នាត​ឆុងតែ​នេះ មក​បណ្តែតបណ្តោយ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​បាន​នោះទេ​។ ជាក់ស្តែង ពិធី​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​អ្នកចូលរួម​យកចិត្តទុកដាក់ អំពី​គុណ​តម្លៃ​នៃ​សម្រស់​ធម្មជាតិ ដូចជា ពន្លឺ​, សម្លេង​ទឹក​ហូរ និង​អណ្តាតភ្លើងរ​បស់អុស ឬ​ធ្បូ​ង (​ដែល​ទាំងអស់នេះ គឺមាន​ដូច​នៅក្នុង​ទិដ្ឋភាព​ពិធី​លៀង​តែ​) និង​ភាព​អស្ចារ្យ​របស់​សកលលោក ដែល​បង្ហាញ​ដោយ​មនុស្ស ដូចជា​វត្ថុ​សិប្បកម្ម បង្កើតឡើង​ដោយ​ស្នាដៃ​មនុស្ស​។

ការសន្ទនា​នៅក្នុង​បន្ទប់​ឆុងតែ គឺ​ផ្តោតទៅលើ​រឿង ដែល​បាន​រៀបរាប់​ដូចខាងលើ​។ ភ្ញៀវ​គឺ​មិន​និយាយ​ពី​រឿង​អ្នកដទៃ ពីនេះ​ពី​នោះ ប៉ុន្តែ​កំណត់​ការសន្ទនា ទៅលើ​ការពិភាក្សា អំពី​ប្រភព​នៃ​សម្ភារៈប្រើប្រាស់ និង​សរសើរ​ពី​សម្រស់​ធម្មជាតិ​។

ឧបករណ៍ប្រើប្រាស់ នៅក្នុងពិធី លៀងតែ​ របស់ជប៉ុន

​គោលបំណង​នៃ​ពិធី​លៀង​តែ​នេះ តាមរយៈ​ព្រះពុទ្ធសាសនា និកាយ​ហ្សែ​ន (Zen Buddhism) បាន​ចែងថា «​សូម​រស់នៅក្នុង​ពេលនេះ​» ហើយ​ក្បួនខ្នាត​ទាំងអស់ តាក់តែង​ដើម្បី​ឲ្យ​វិញ្ញាណ​ទាំងអស់ រួមគ្នា​តែមួយ​ក្នុង​ពេលនេះ ហើយ​មិនត្រូវ​បែក​អារម្មណ៍ ដោយ​គំនិត​រវើរវាយ​នោះឡើយ​។​

​ការទទួល​ពែងតែ និង ការ​ពិសារ​តែ​​ តាមច្បាប់ទម្លាប់ជប៉ុន

មានច្បាប់​ទម្លាប់​ជាក់លាក់​ដែល​ត្រូវបាន​អនុវត្ត​នៅពេល​ទទួល​តែ​នៅក្នុង​ពិធី​លៀង​តែ​ដែល​គេ​ហៅថា tatemae ឬ​temae គឺ​ការបង្ហាញ​ពី​ការដឹងគុណ​ចំពោះ អ្នក​ឆុងតែ​។ ការទទួល​ទាន​តែ ទាមទារ​នីតិវិធី​ផ្សេងៗ​គ្នា​ទៅតាម «koicha ឬ​តែ​ចាស់​» និង «usucha ឬ​តែ​ស្តើង​» ប៉ុន្តែ​ទាំងពីរ​គឺ​ត្រូវ​ទទួលទាន ដោយ​បង្វិល​រូប​នៅខាងមុខ​ពែង​ចេញពី​មាត់ ហើយ​រូប​ដែល​ស្អាត ជាងគេ​នោះ​ត្រូវ​បង្វិល​ឲ្យ​ទៅកាន់​ភ្ញៀវ​បានឃើញ​រូបនោះ​ច្បាស់​។ អ្នកទទួល ទាន​ត្រូវ​គិត​ដោយ​ឲ្យ​តម្លៃ​នូវ​ភាពស្រស់ស្អាត​នៃ​ពែងតែ​ហើយ​ព្យា យាម​មិន​ធ្វើ​ឲ្យ​ប្រឡាក់​រូប​ដ៏​ស្រស់ស្អាត​នោះ​នៅពេល​ទទួលទាន​។​

ការទទួលពែងតែ ក្នុងពិធីលៀងតែ របស់ជប៉ុន

​នៅពេល​ទទួលទាន​តែ​ចាស់ «koicha» ភ្ញៀវ​ត្រូវ​ទទួលទាន​ដោយ​ពែងតែ​តែមួយ ដែល​ហុច​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​។ ដំបូង នៅពេល​ទទួល​ពែងតែ​គឺ ដាក់​ពែងតែ​នោះ​នៅ​ចន្លោះ​អ្នក និង​ភ្ញៀវ​ម្នាក់ទៀត ហើយ​ត្រូវ​អោន​គោរព​អ្នក​ឆុងតែ​នោះ​។ អ្នក​ត្រូវ​លើក​ពែងតែ​ដោយ​ដៃ​ខាងស្តាំ ហើយ​ដាក់​នៅលើ​បាតដៃ​ឆ្វេង ហើយ​លើក​ឡើងលើ​យឺតៗ ថ្ម​មៗ ដោយ​អោនក្បាល​បន្តិច​ជាការ​ដឹងគុណ​។ ដើម្បី​ជៀសវាង​ការទទួល​ទាន​តែ លើ​រូប​ខាងមុខ​ពែង អ្នក​ត្រូវ​ចាប់​បង្វិល​ពែងតែ​២​ដង រួច​ទទួលទាន​បន្តិច​ម្តងៗ​។ នៅពេល​ទទួលទាន​អស់ហើយ ដាក់​ពែងតែ​ចុះ​លើ​កន្ទេល​តា​តា​មិ ហើយ​ដកយក​ក្រដាស​ជូត​មាត់​ពែង ត្រង់​កន្លែង​ដែល​អ្នក​ទទួលទាន​។ បន្ទាប់មក លើក​ពែងតែ​ឡើង​ដោយ​ដៃ​ខាងស្តាំ ហើយ​ដាក់​នៅលើ​បាតដៃ​ឆ្វេង បង្វិល​ពែង​ទៅ​សភាព​ដើម​វិញ មុនពេល​ហុច​ទៅ​ឲ្យ​ភ្ញៀវ​បន្ទាប់​។ បន្ទាប់ពី​ហុច​ឲ្យ​អ្នក​បន្ទាប់​ហើយ ត្រូវ​អោន​គោរព​ម្តងទៀត​។

ការទទួល​ពែងតែ និង ការ​ពិសារ​តែ

សម្រាប់តែ​ស្តើង «usucha» ការទទួល​ទាន​ត្រូវបាន​រៀបចំឡើង​សម្រាប់​ម្នាក់ៗ​ដាច់ដោយឡែក​។ ដូចនឹង​ការទទួល​ទាន​តែ​koicha​ដែរ នៅពេល​អ្នកទទួល​ពែង​តែ ដាក់​ពែងតែ​នៅ​ចន្លោះ​អ្នក​ និង​ភ្ញៀវ​បន្ទាប់ ហើយ​អោន​ដើម្បី​សូម​អភ័យទោស និង​ជាការ​គួរសម​ថា​អ្នកនឹង​ទទួលទាន​មុន​។ បន្ទាប់មក​ដាក់​ពែង​នៅ​ចំ​ខាងមុខ​ជង្គង់​របស់​អ្នក ហើយ​អរគុណ​អ្នក​ឆុងតែ​។ បង្វិល​ពែងតែ​២​ដង ដើម្បី​ចៀសវាង​ទទួលទាន​ចំ​រូប​ខាងមុខ​ពែង​។ នៅពេល​អ្នក​ទទួលទាន​អស់ហើយ​ត្រូវ​ជូត​មាត់​ពែងតែ​ដោយ​ដៃ អ្នក​។ បង្វិល​មុខ​ពែង មក​ខាងមុខ​អ្នក​។ ដាក់​ពែងតែ​ចុះ​លើ​កន្ទេល​តា​តា​មិ ហើយ​អោន​ចុះ នៅពេល​កែងដៃ​របស់​អ្នក​នៅ​កម្ពស់​ប្រហែល​នឹង​ជង្គង់ លើក​ពែង​ឡើង ហើយ​សរសើរ​នូវ​រសជាតិ​តែ​។ នៅពេល​ហុច​ឲ្យ​អ្នក​ឆុងតែ​វិញ ត្រូវ​ច្បាស់​ថា មុខ​ពែង​បែរ​ទៅ​អ្នក​ឆុង​។

ភ្ញៀវ ត្រូវយក​ក្រដាស​មក​ដាក់​នំ​ផ្អែម​នៅពេល​ពិសារ​។ នំ​ផ្អែម​ស្អិត ហើយ​ដុំ​ធំ គួរតែ​កាត់​ជា​ចំណិតៗ រួច​ពិសារ ចំណែក​នំ​ស្ងួត​តូចៗ យើង​អាច​ពិសារ​ដោយ​ដៃ​ផ្ទាល់​បាន​៕