ម្ដាយ​របស់ ឌុំ រី​ដា ប្ដឹង​ទារ​សំណង ២០​ម៉ឺន​ដុល្លារ​អាមេរិក និង​សុំ​ឲ្យ​ផ្ដន្ទាទោស​ជនបង្ក យិន ម៉ា​ណា ឲ្យ​តឹងរ៉ឹង​បំផុត​

44860

ភ្នំពេញ​៖ ម្តាយបង្កើត​របស់​សព​កញ្ញា ឌុំ រី​ដា បានដាក់​ពាក្យបណ្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត រដ្ឋប្បវេណី​ចំនួន​២០​ម៉ឺន​ដុល្លារ ពី​ជនបង្ក​ឈ្មោះ យិន ម៉ា​ណា ភេទ​ស្រី ដែល​បាន​បើករថយន្ត​ទៅបុក​កូនស្រី​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​លេខ​៣១៧ កែង ផ្លូវ​៥២៨ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ពាក្យបណ្តឹង​របស់​ម្តាយ​ជនរងគ្រោះ ឌុំ រី​ដា បាន​ធ្វើឡើង​តាមរយៈ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោម​ការដឹកនាំ​របស់​លោក​មេធាវី គី តិច មួយថ្ងៃ​បន្ទាប់ពី​កើតហេតុ ដើម្បី​ការពារ និង​ស្វែងរក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​ជន​គ្រោះ​។​

​ដោយឡែក​ជនបង្ក កញ្ញា យិន ម៉ា​ណា បាន​ចូលខ្លួន​មក​ទទួល​ទោសកំហុស ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ កាលពី​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ ហើយ​រហូតមកដល់រ​សៀ​ល​ថ្ងៃ​ដដែល​នេះ ជនបង្ក​កំពុង​ស្ថិតក្រោម​ការសួរនាំ​របស់​តំណាង​អយ្យការ​នៅឡើយ​។​

រូបថត នារី​រងគ្រោះ​មានឈ្មោះ ឌុំ រី​ដា

​គួរ​រំ​ម្លឹ​ក​ផងដែរ​ថា នារី​រងគ្រោះ​មានឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន​ជនបង្ក​ឈ្មោះ យិន ម៉ា​ណា បើកបរ​រថយន្ត​ម៉ាក Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7777 ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​ជនរងគ្រោះ ទាំង​កម្រោល ដែល​កំពុងធ្វើដំណើរ​យឺតៗ បណ្តាល​ឲ្យ​ប៉ើង​ផ្ទប់​នឹង​របង​ផ្ទះ​នៅក្បែរនោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ យ៉ាង​អាណោច​អធម​បំផុត កាលពី​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះ នៅ​ចំណុច​ផ្លូវ​លេខ​៣១៧ កែង ផ្លូវ​៥២៨ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕