ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចេញច្បាប់ ហាមឃាត់ការប្រើប្រាស់ព្រមទាំងការនាំចូល នៃផលិតផល បារីអេឡិចត្រូនិច (E-Cigarette) ហើយជនណាដែលហ៊ានល្មើសបម្រាមនេះ នឹងត្រូវចាប់ខ្លួន។
កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោក ឌូតឺតេ បានប្រកាសពីគម្រោងខាងលើ ក្នុងកំឡុងសន្នីសីទសារព័ត៌មានមួយ បន្ទាប់ពីត្រូវបានក្រុម អ្នកកាសែត សួរទាក់ទងរបាយការណ៍មួយរបស់ក្រសួងសុខាភិបាលហ្វីលីពីន ដែលទទួលស្គាល់ថា មានករណីអ្នកដែលឈឺសួតលើកដំបូង ពាក់ព័ន្ធនឹងការជក់ បារីអេឡិចត្រូនិច នៅក្នុងប្រទេសហ្វីលីពីន។
កន្លងមកលោក ឌូតឺតេ ក៏បានចេញបម្រាមចំពោះ ការជក់បារី ធម្មតានៅតាម ទីសាធារណៈផងដែរ។ មេដឹកនាំហ្វីលីពីនវ័យ៧៤ឆ្នាំនេះផ្ទាល់ ក៏ធ្លាប់ជា អ្នកជក់បារី ខ្លាំងមួយរូបដែរ ប៉ុន្តែលោកបានផ្តាច់លែងប្រើប្រាស់វិញ ក្រោយពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា លោកឈឺជំងឺ Buerger’s disease ដែលបង្កការរាំងស្ទាំងដល់សរសៃឈាម។
គួរជម្រាបថា ឧស្សាហកម្ម បារីអេឡិចត្រូនិច នៅលើពិភពលោក ដែលទទួលបានកំណើនយ៉ាងឆាប់រហ័សនាពេលកន្លងមកនេះ ឥឡូវកំពុងប្រឈមការរិះគន់ ខណៈយុវវ័យនិយមប្រើប្រាស់ផលិតផលនេះកាន់តែច្រើនខ្លាំង ដែលបង្កជាក្តីបារម្ភខ្លាំង។ កាលពីខែកញ្ញា ឆ្នាំ២០១៩នេះ ឥណ្ឌាទើបបានសម្រេច ហាមឃាត់ការលក់បារីអេឡិចត្រូនិច នៅក្នុងប្រទេសខ្លួន។ រីឯម៉ាឡេស៊ី ក៏ចង់ហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ពួកវា នៅតាមទីសាធារណៈ ក៏ដូចជាហាមមិនឲ្យយុវវ័យប្រើប្រាស់ផងដែរ។ ការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ក៏កំពុងបង្កជាក្តីកង្វល់ដ៏ធំមួយនៅក្នុងសហរដ្ឋអាមេរិក ដូចគ្នា៕