ភ្នំសន្លុង ទីតាំងសម្រាប់ថតរូប និងស្រូបខ្យល់អាកាសបរិសុទ្ធ

1266

តាកែវ៖ ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវចម្រុះជាច្រើនប្រភេទ ដែលអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកម្សាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ដើមរកា (ដើមរុក្ខទេវតា ដុះកន្លែងណាមានបារមី)

នៅលើភ្នំសន្លុង គេឃើញមានសំណល់នៃថ្មប្រាសាទបុរាណ (តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតិយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។

ផ្អែកលើតម្លៃជីវចម្រុះ សោភ័ណភាពធម្មជាតិ កន្លែងកម្សាន្ត ប្រវត្តិសាស្ត្រនិងវប្បធម៌ ភ្នំសន្លុងគួរត្រូវបានរៀបចំបង្កើតទៅជាតំបន់បេតិកភណ្ឌសម្រាប់បម្រើផលប្រយោជន៍រួមរបស់មនុស្សគ្រប់ជំនាន់។

ភ្នំសន្លុង ស្ថិតនៅភូមិចិន ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ និង នៅលើផែនដីត្រង់ចំណុចដែលមានរយៈទទឹង ១០°៤៧’៨.៦” និងរយៈបណ្តោយ ១០៤°៤៤’៩.១”៕

ប្រភព៖ Heritages Dairy-បេតិកភណ្ឌប្រចាំថ្ងៃ

កែសម្រួល៖ លាភ

អត្ថបទទាក់ទង :Featured