បារាំង និង​អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ជាង​៣០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​

1321

​ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) និង​សហគមន៍​អឺរ៉ុប (EU) ទើប​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ក្នុង​ទឹកប្រាក់​ចំនួន​២៩.១​លាន​អឺរ៉ូ ដែល​ស្មើនឹង​ជាង​៣០​លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុវត្តន៍​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ និង​លោក Rèmi Rioux, នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ក្នុង​ទឹកប្រាក់​ចំនួន​២៩.១​លាន​អឺរ៉ូ​នេះ កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩ នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ទៀតថា កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ក្នុង​ទឹកប្រាក់​ចំនួន ២៩.១​លាន​អឺរ៉ូ ក្នុងនោះ​៖ ឥណទាន​សម្បទាន​ចំនួន ២៥​លាន​អឺរ៉ូ ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៤.១ លាន​អឺរ៉ូ ពី​សហគមន៍​អឺរ៉ុប (EU) សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន និង​ចែកចាយ ដែល​គម្រោង​នេះ​មាន​ទិសដៅ​ក្នុងការ​ព​ង្រឹ​ក និង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​អគ្គិសនី​ឲ្យ​មានការ​វិ​វន្ត​ន៍​ទៅរក​ប្រព័ន្ធ​ឆ្លាត​វៃ (Smart Grid) ដែល​អាច​សម្រួល​យ៉ាងច្រើន​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល ក៏ដូចជា​បង្កើន​ប្រសិទ្ធិភាព និង និរន្តរភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជម្រាបជូន​លោក Rèmi Rioux នាយក​គ្រប់គ្រង​ទូទៅ នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ អំពី​ការផ្លាស់ប្តូរ​មុខមាត់ ថ្មី​នៃ​ប្រទេស​កម្ពុជា​នៅក្នុង​ឆាក​អន្តរជាតិ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រឹងមាំ ក្នុង​អត្រា​៧.៧% ក្នុង​រយៈពេល​២​ទសវត្ស​កន្លងមក និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ដល់ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ ដែលជា​និច្ច​ជា​កាល បាន​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​ចូលរួម ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក និង​បាន​គូសបញ្ជាក់ថា សមិទ្ធិផល​ជា​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​បច្ចុប្បន្ន​ដែល​កម្ពុជា​ទទួលបាន គឺ​មិនអាច​កាត់ផ្តាច់​ពី​តួនាទី​យ៉ាងសកម្ម​ការ និង​ការចូល រួមចំណែក​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​, ការផ្តល់ ឥណទាន​សម្បទាន ដែលមាន​ភាព​អំណោយផល និង​អនុគ្រោះ​ខ្ពស់​, ជំនួយ​ប​ច្ចក​ទេស ក៏ដូចជា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​, សេដ្ឋកិច្ច​, សង្គមកិច្ច​, អភិបាលកិច្ច និង​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ទៀត​នៅ កម្ពុជា ជាដើម ។​

​លោក Rèmi Rioux បាន​លើកឡើងថា ក្នុង​បរិបទ​កំណើនសេដ្ឋកិច្ច​ខ្ពស់​បែបនេះ និង​តាមរយៈ​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​រយៈពេល​មធ្យម និង​វែង​, កម្ពុជា​នឹង​អាច​សម្រេចបាន​តាម​គោលដៅ​ជា ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ ២០៥០ ។​

​លោក Rèmi Rioux បាន​បន្តថា សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ត​នៅ​កម្ពុជា​, ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់ខ្លួន ឲ្យ​ស្រប​នឹង​បរិការណ៍​អភិវឌ្ឍន៍ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​៕​