ភ្នំពេញ៖ សមយុទ្ធ ហនុមានមាស រយៈពេល៥ថ្ងៃ នៅលើទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្រុកជុំគិរី ខេត្តកំពត បានបញ្ចប់ទៅជោគជ័យ តាមការគ្រោងទុក។ នេះគឺជាការលើកឡើងរបស់ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត ដែលជាអ្នកនាំពាក្យក្រសួងការពារជាតិ។
លោក ឈុំ សុជាត បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក ថា៖ “សមយុទ្ធ ហនុមានមាស ២០១៩ រយៈពេល៥ថ្ងៃ នៅលើទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ខេត្តកំពត បានបញ្ចប់ទៅដោយជោគជ័យ និងរលូនតាមផែនការ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ”។
សមយុទ្ធ ហនុមានមាស ២០១៩ បានចាប់ផ្តើមពីថ្ងៃទី០៤ ដល់០៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងបណ្តាជំនាញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត ហើយក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមសាលា និងកងឯកភាពរួចផងដែរ។ ម្យ៉ាងវិញទៀត សមយុទ្ធ ហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត។
សមយុទ្ធ ហនុមានមាស ២០១៩ បានប្រើប្រាស់យុទ្ធវិធីវាយបក យកទីតាំងដែលខ្មាំងដណ្តើមបានត្រឡប់មកវិញ ខណៈ សមយុទ្ធ នាគមាស ២០១៩ វិញ គីប្រើប្រាស់យុទ្ធវិធីវាយរំដោះ ចំណាត់ខ្មាំងពីជំរុំខ្មាំង។
កម្លាំងយោធាចូលរួមចំនួន ២៣៣២នាក់ មកពីអង្គភាពផ្សេងៗនៃកងទ័ពជើងគោក ហើយចំណែកអាវុធយុទ្ធភណ្ឌដែលប្រើក្នុងសកម្មភាពសមយុទ្ធនោះ រួមមានរថក្រោះ, រថពាសដែក, ឧត្ថម្ភាចក្រ, ត្រូន រួមទាំងកាំភ្លើងត្បាល់120mm ផងដែរ នៅក្នុង សមយុទ្ធ ហនុមានមាស ២០១៩ រយៈពេល៥ថ្ងៃមកនេះ៕