ភ្នំពេញ៖ តំណែងរបស់លោក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នឹងត្រូវជំនួសដោយ លោក អ៊ុំ រាត្រី អភិបាលរងខេត្ត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការអស់តំណែងជាអភិបាលខេត្តបន្ទាយមានជ័យ របស់លោក សួន បវរ ដោយសារតែស្ត្រីម្នាក់ បានទម្លាយនូវរឿងលោក សួន បវរ បានស៊ីចុកជាមួយនាងអស់រយៈពេល៥ឆ្នាំ ហើយបែរជាចង់ទាត់ចោល នៅលើកប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក ដ៏មានឥទ្ធិពលកាលពីថ្មីៗកន្លងទៅនេះ។
ក្រោយបែកធ្លាយរឿងចំណងស្នេហាក្រៅប្រព័ន្ធនេះរួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើផ្ទេរភារកិច្ច លោក សួន បវរ ឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ហើយតែងតាំងអភិបាលរងខេត្ត លោក អ៊ុំ រាត្រី ជាអភិបាលខេត្តជំនួសវិញ។
គួរំម្លឹកផងដែរថា ស្ត្រីក្នុងវ័យ៤១ឆ្នាំម្នាក់ បានអះអាងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ So Phy ថាលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ យកគាត់ជាគូរស្នេហ៍អស់រយៈ៥ឆ្នាំហើយ ឥឡូវលោកអភិបាលខេត្តរូបនេះ បានឲ្យគាត់ឈប់ទាក់ទងទៅលោកទៀត ហើយរកចាប់គាត់ដាក់គុកទៀតផង។ ស្ត្រីរូបនេះ បានឲ្យសារព័ត៌មាន និងគេហទំព័រក្នុងស្រុកដឹងថា គាត់និងលោក សួន បវរ បានស្គាល់គ្នាចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ តែមិនសូវជិតស្និទនោះទេ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ គាត់និងលោក សួន បវរ បានរួមរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធអីចឹង៕