ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋហ្វីលីពីន លោក Chrisopher Baltazar Montero បានឲ្យដឹង នៅក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីន បាននិងកំពុងដាក់ទុនវិនិយោគ កែច្នៃស្វាយនៅក្នុង ខេត្តព្រៃវែង ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន និងទីផ្សារអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋហ្វីលីពីន បានបន្តទៀតថា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានក្រុមហ៊ុនហ្វីលីពីន មកសិក្សាពីសក្តានុពលដំណាំស្រូវនៅកម្ពុជា ក្នុងគោលបំណងវិនិយោគ រួចកែច្នៃអង្ករ ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន ផងដែរ។
ជាមួយគ្នានេះដែរ លោក Chrisopher Baltazar Montero នឹងខិតខំ ជំរុញឲ្យមានជើងហោះហើរត្រង់ រវាងប្រទេសទាំង២ កម្ពុជា ហ្វីលីពីន នៅពេលខាងមុខនេះ ដើម្បីពង្រីកកំណើនទេសចរណ៍ និងពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី វេង សាខុន បានស្នើសុំធ្វើការផ្លាស់ប្តូរដកស្រង់បទពិសោធន៍ របស់មន្ត្រីជំនាញទាក់ទងបច្ចេកវិទ្យាកែច្នៃស្វាយ, បច្ចេកទេសដាំណាំស្រូវ និងកែច្នៃផលិតផលចេក ពីហ្វីលីពីន និងបានស្នើសុំឲ្យរដ្ឋាភិបាលប្រទេសហ្វីលីពីន ពិចារណាក្នុងការនាំអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារហ្វីលីពីន នាពេលអនាគត៕