កូនកំព្រា៥នាក់រងទុក្ខវេទនា ក្រោយឪពុកជាប់គុក ដោយសារសម្លាប់ប្រពន្ធ

1125

ក្រចេះ៖ ក្មេងប្រុស-ស្រីចំនួន៥នាក់បងប្អូន បានរងទុក្ខវេទនាយ៉ាងខ្លោចផ្សា ក្រោយពីឪពុករបស់ពួកគេ បានប្រើហិង្សាទៅលើម្ដាយ បណ្ដាលឲ្យស្លាប់ចោល ហើយឪពុកត្រូវជាប់គុក។ ដោយឃើញ ស្ថានភាពបែបនេះ ត្រូវបានអាជ្ញាធរ និងសប្បុរសជននានា នាំយកអំណោយចែកជូនដល់ពួកគេ ដើម្បីកាត់បន្ថយភាពលំបាក ដែលបច្ចុប្បន្នពួកគេរស់នៅចំនុចយ៉ែ ឧបសម្ពន័ភូមិរលោច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អួង សម្បិត្ត អភិបាលរងស្រុកចិត្របុរី បានឲ្យដឹងថា ក្មេងទាំង៥នាក់នោះ រស់នៅយ៉ាងវេទនា ក្រោយពីឪពុករបស់គេ បានប្រើហិង្សាទៅលើម្ដាយរបស់ពួកគេ បណ្ដាលឲ្យស្លាប់។ ឪពុកត្រូវជាប់គុក កាលពីជាងកន្លះឆ្នាំមុន (មុនហេតុការណ៍ ពុលស្រា បណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់១ថ្ងៃ) ហើយសព្វថ្ងៃពួកគេរស់នៅ ជាមួយជីដូន ដោយចិញ្ចឹមចៅចំនួន៧នាក់ ក្នុងនោះ ក្មេង២នាក់ត្រូវឪពុកស្លាប់ចោល ដោយសារពុលស្រា ហើយជីដូនរបស់ពួកគេគ្មានមុខរបរទេ សព្វថ្ងៃគាត់ដើរ រើសអាចម៍គោ និងដងជ័រលក់ដើម្បីចិញ្ចឹមចៅទាំង៧នាក់។

លោកអភិបាលរងបន្ដទៀតថា រឿងម្តាយស្លាប់ ឪពុកជាប់គុកនោះ បើតាមជីដូនរបស់ក្មេងៗ បានប្រាប់លោកថា ដោយសារឪពុកម្ដាយរបស់ពួកគេ បានឈ្លោះប្រកែកគ្នា ហើយប្រើហិង្សា ដោយយកប្រទះរនាប វាយទៅជនរងគ្រោះជាំពេញខ្លួន លុះពេលយប់ឡើងស្លាប់តែម្ដង។ ក្រោយពីស្រ្តីជាម្ដាយរបស់ក្មេងៗទាំង៥នាក់នោះបានស្លាប់ ហើយត្រូវបានយកធ្វើបុណ្យសព ប្អូនថ្លៃជនរងគ្រោះនោះ បានទិញស្រាយកមកផឹកក្នុងកម្មវិធីបុណ្យនោះ បានពុលស្រាស្លាប់ចោលកូន ចំនួន២នាក់ដែរ។

លោកអភិបាលរងស្រុករូបនោះ បញ្ជាក់ទៀតថា ក្រោយបានដំណឹងក្មេងទាំងនោះ មានជីវភាពនៅយ៉ាងលំបាក នៅព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨នេះ អាជ្ញាធរស្រុក ឃុំ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខា ស្រុកចិត្របុរី សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត និងយោធាវរសេនាតូចលេខ១ បានរួមគ្នានាំយកអំណោយ ចែកជូនដល់ក្មេងកំព្រទាំងនោះ។

អំណោយដែលត្រូវចែក រួមមាន៖ មីចំនួន៤កេស, អង្ករ២បេ (៨០គីឡូក្រាម), ទឹកត្រី២យួ, ទឹកស៉ីអ៉ីវ២យួ, អំបិល១គីឡូក្រាម, ស្កសរ១គីឡូក្រាម, ប៊ីចេងកន្លះគីឡូត្រីខ២យួ, សម្លៀកបំពាក់ចំនួន៧កំភ្លេ, សៀវភៅ១០ក្បាល និងថវិកាចំនួន២០ម៉ឺនរៀល៕