ភ្នំពេញ៖ អភិបាលរងខេត្តព្រះសីហនុ ២រូប គឺ លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ត្រូវបានដកតំណែង ហើយហើយប្រគល់ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ ចាត់ការបន្ត។ នេះបើយោងតាមសារបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន នៅថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺកា វះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែ ជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។
គួររំម្លឹកថា កាលពីម្សិលមិញ នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្តេច ហ៊ុន សែន បានបញ្ជាឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស៊ើបអង្កេតសិក្សាដើម្បីដកតំណែងមេបញ្ជាការយោធា ខេត្តព្រះសីហនុ និងអភិបាលរងខេត្តព្រះសីហនុមួយចំនួន នៅពេលខាងមុខនេះពាក់ព័ន្ធនឹងការអនុវត្តសាលដីកាតុលាការកំពូល កាលពីខែមករា កន្លងទៅ បើសិនជារកឃើញថាមានកំហុសមែននោះ៕