ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានហ្វេសញូ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា មូលហេតុនាំឱ្យកម្ពុជាខ្ចីលុយពីចិនបានច្រើននោះ គឺដោយសារតែ ១. កម្ពុជាមានទំនាក់ទំនងល្អជាមួយចិន និង ២. នីតិវិធីផ្តល់កម្ចីរបស់ចិន មានភាពឆាប់រហ័ស និងមិនស្មុគស្មាញច្រើន។
លោកទេសរដ្ឋមន្ត្រី ក៏បានបន្តទៀតថា ហើយកម្ពុជា ក៏មិនរើសអើងសម្រាប់កម្ចី ពីប្រទេសផ្សេងៗទៀតដែលចង់ឲ្យ ក្នុងការយកមកសាងសង់ផ្លូវ និងស្ពាននោះឡើយ។
“នីតិវិធីមិត្តចិនលឿនណាស់ ដោយសារគាត់មើលឃើញថា នេះជាការងារតម្រូវឱ្យយើងធ្វើផ្លូវ ធ្វើកំពង់ផែឱ្យបានលឿន” លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមនិងបន្តទៀតថា មានប្រទេសមួយចំនួននីតិវិធីខ្ចីថវិកាមកសាងសង់ផ្លូវមានភាពយឺតយ៉ាវ ដែលពេលខ្លះចំណាយពេលរហូតដល់ទៅ៥ឆ្នាំ។ នីតិវិធីយឺតក្នុងការផ្តល់កម្ចីនេះ គឺនាំឱ្យកម្ពុជាយឺតយ៉ាវក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ។
គួររំម្លឹកផងដែរថា កម្ពុជា មិនមែនខ្ចីតែប្រាក់ពីប្រទេសចិន សម្រាប់សាងសង់ផ្លូវ និងស្ពានខ្វាត់ខ្វែងនោះទេ គឺកម្ពុជាបានខ្ចីពីប្រទេសផ្សេងៗទៀតមានដូចជា ជប៉ុន កូរ៉េខាងត្បូង អង្គការដៃគូអភិវឌ្ឍន៍, ធនាគារពិភពលោក World Bank, ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាដើម។ គិតមកដល់ឆ្នាំ២០១៩នេះ កម្ពុជាបានទទួលប្រាក់កម្ចី ពីចិនប្រមាណ ២,៨៦៥លានដុល្លារអាមេរិក ហើយត្រូវបានប្រើប្រាស់ការសាងសង់ផ្លូវរួចរាល់ចំនួន ២៩ខ្សែស្មើនឹង ២,៨៨៨គីឡូម៉ែត្រ និងបានសាងសង់ស្ពាន ៨ខ្សែ មានប្រវែង ៨គីឡូម៉ែត្រ៕