នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ គឺជាខួប១ឆ្នាំ នៃ សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន តែភាគីទាំង២នៅតែមិនទាន់ឈានដល់ដំណោះស្រាយល្អទាំងសងខាងនៅឡើយ ពីព្រោះប្រទេសទាំង២ ចង់បានតុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម ដោយគ្មានប្រទេសណាមួយ អាចកេងចំណេញលើប្រទេសមួយទៀតបានឡើយ។
ព័ត៌មានចុងក្រោយនៃសង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន គឺ ក្រសួងការពាណិជ្ជកម្មចិន កាលពីថ្ងៃព្រហស្បតិ៍ទី៤កក្កដានេះ បានបញ្ជាក់ថា អាមេរិកត្រូវតែលុបចោល ការដំឡើងពន្ធនៅសេសសល់ លើផលិតផលចិន បើសិនជាអាមេរិកចង់សម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងភាគីទាំងពីរ។
ការលើកឡើងនេះ គឺបានធ្វើឡើងក្រោយជំនួបលោក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅទីក្រុងអូសាការ ប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ដោយភាគីទាំងពី បានយល់ព្រមឲ្យចាប់ផ្ដើមបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ ក្រោយពីវាបានជាប់គាំងកាលពីខែឧសភាកន្លងទៅ។
លោក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តមិនដំឡើងពន្ធលើចិន ដែលមានតម្លៃជាង ៣០០ពាន់លានដុល្លារ ព្រមទាំងបន្ធូរបន្ថយការរឹតត្បិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ផងដែរ ហើយឲ្យភាគីចិន បន្តទិញផលិតផលអាមេរិក ក្នុងវិស័យឧស្សាហកម្ម និងថាមពល ហើយជាពិសេសនោះគឺផលិតផលវិស័យកសិកម្មឡើងវិញ ដោយសារតែអាមេរិកបានទទួលរងការប៉ះពាល់ជាខ្លាំង។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃចន្ទសប្តាហ៍នេះ បានថ្លែងថា លោកចង់បានកិច្ចព្រមព្រៀងដែលពុំអាចស្មើគ្នាឡើយ គឺត្រូវតែល្អៀងមកខាងសហរដ្ឋអាមេរិក ដោយលោកនិយាយថា ចិនបានកេងចំណេញលើសហរដ្ឋអាមេរិក ក្នុងវិស័យពាណិជ្ជកម្មជាយូរឆ្នាំមកហើយ ដូច្នេះយោងតាមភាពជាក់ស្តែងប្រទេសទាំងពីរ មិនអាចសម្រេចកិច្ចព្រមព្រៀង ដែលស្មើភាពទាំងស្រុងលក្ខណៈ ៥០ ទល់នឹង ៥០ បាននោះទេ។
លោក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា “វានឹងក្លាយជាប្រវត្តិសាស្ត្រ បើសិនជាយើងអាចសម្រេចចិត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មប្រកបដោយភាពយុត្តិធម៌”។
ចំណែកលោក ស៊ី ជិនពីង វិញបានអះអាងដែរថា កិច្ចសន្ទនាគឺវាប្រសើរជាងការប្រឈមមុខដាក់គ្នា ហើយផលប្រយោជន៍រវាងប្រទេសទាំងពីរ គឺបានមកដោយសារកិច្ចសហប្រតិបត្តិការ។
គួររំម្លឹកផងដែរថាឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ (Liu He) មេដឹកនាំក្រុមចរចារបស់ចិន បានធ្លាប់ប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន បានបដិសេធ លុបចោលពន្ធគយទាំងអស់ និងការទាមទារដ៏វែងឆ្ងាយ ដែលជាមូលហេតុ នាំឲ្យការចរចា ត្រូវជាប់គាំងកាលពីខែឧសភាកន្លងទៅ។
ចុះបើទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ជំហរនេះ ហើយទីក្រុងប៉េកាំង ក៏មិនចុះញម វិញនោះ? តើអាមេរិក ព្រមដាក់ខ្លួន ស្របតាមការចង់បានរបស់ប្រទេសចិនទេ?