លោក វង្ស៊ី វិស្សុត អះអាងថា កម្ពុជា បានត្រៀមខ្លួន ទប់ទល់នឹងការបាត់ EBA តាំងពី ៧ឆ្នាំមុនមកម្លេះ

849

ភ្នំពេញ៖ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទប់ទល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) តាំងពីឆ្នាំ ២០១៣មកម្លេះ ក្នុងហេតុផលថា ការផ្តល់ភាពអនុគ្រោះពន្ធនេះនឹងមិនស្ថិតនៅជាអចិន្ត្រៃយ៍ជាមួយកម្ពុជានោះឡើយ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក វង្ស៊ី វិស្សុត បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី អភិក្រម, ក្របខណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់ ស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចចំនួន ៤ជុំ ដែលរាជរដ្ឋាភិបាល បានដាក់ចេញក្នុងពេលកន្លងមក សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជា ការដាក់ឳ្យអនុវត្តជាផ្លូវការ កាលពីពេលថ្មីៗនេះ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២០នេះ។

លោករដ្ឋលេខាធិការបានថ្លែងថា ចាប់តាំងពីឆ្នាំ ២០១៣មក សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ណែនាំឱ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនគិតគូរទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយត្រូវរៀបចំធ្វើកំណែទម្រង់សេដ្ឋកិច្ច កែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចឱ្យរឹងមាំ ដែលធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាបានជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៦ទៅ ៧ឆ្នាំចុងក្រោយនេះ សម្រាប់ទុកជាទុនដោះស្រាយវិបត្តិផ្សេងៗ។

លោកបានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងត្រៀមពីមុនមកនោះ គឺត្រៀមសម្រាប់ទប់ទល់នឹង EBA មិនមែនត្រៀមសម្រាប់ជំងឺកូវីដនេះទេ។ ដូច្នេះក្នុងពេលយើងរៀបចំថវិកាឆ្នាំ ២០២០នេះ គឺជាថវិកាមួយដើម្បីទប់ទល់ EBA ហើយជាថវិកាជាតិមួយ ជាក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចជាតិមួយ ជាយុទ្ធសាស្ត្រវាយលុក។ យើងប្រើប្រាស់ការដក EBA ទៅជាឱកាសកែប្រែការប្រឈម ហើយការគំរាមនេះ ទៅជាឱកាសនៃការកែទម្រង់»។

លោក វង្ស៊ី វិស្សុត បានបន្តថា រដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចក្នុងមួយឆ្នាំជាង ៦០០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ដោយផ្តោតទៅលើការវិនិយោគផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ឡូជីស្ទីក អគ្គិសនី ការអភិវឌ្ឍធនធានមនុស្ស ការសម្រួលរបបពន្ធដារ និងសេវាសាធារណផ្សេងៗទៀត ព្រមទាំងការបើកទីផ្សារសេរីជាដើម។

លោកបានលើកឡើងទៀតថា រដ្ឋាភិបាល ចាត់ទុកថវិកាជំរុញសេដ្ឋកិច្ចនេះ គឺជាយុទ្ធសាស្ត្រវាយលុក ដើម្បីប្រើប្រាស់ការគំរាមកំហែង EBA ឱ្យទៅជាឱកាសកែទម្រង់ និងក៏សាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំងើបខ្ពស់ ឈរដោយខ្លួនឯង និងរស់ដោយខ្លួនឯងបាន។

ប៉ុន្តែលោកថា ការវិវត្តន៍ថ្មីនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ បានធ្វើឱ្យថវិកាសម្រាប់វាយលុកនេះមួយចំនួន ត្រូវបានយកទៅប្រយុទ្ធជាមួយជំងឺកូវីដ១៩ ហើយធ្វើឱ្យគម្រោងការវាយលុកនោះ បានបកមកត្រឹមជាការទប់ទល់វិញក្នុងការរៀបចំថវិកា និងម៉ាក្រូសេដ្ឋកិច្ច។

គណៈកម្មការអឺរ៉ុប បានសម្រេចកាលពីខែកុម្ភៈកន្លងទៅ ដែលថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយ ពីប្រទេសកម្ពុជា នៅថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០នេះ ក្នុងបំណងអ្វីមួយដែលស្ថាប័ននេះ ចង់ឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។

កាលពីខែកុម្ភៈកន្លងទៅ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដោយសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុ គ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា។

ក្រសួងការបទេសកម្ពុជាចាត់ទុកថា ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»។

ក្រសួងការបរទេសបានសង្ងត់ធ្ងន់ថា៖ «សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត៕

អត្ថបទ៖ សៀម ប៊ុនធី