ភ្នំពេញៈ អង្ករកម្ពុជា ពុំទទួលបានការលើកលែងពន្ធតទៅទៀតទេ សម្រាប់ការនាំចូលទៅក្នុងទីផ្សារអឺរ៉ុប ក្រោមហេតុផលនៃការស៊ើបអង្កេតមួយបានបញ្ជាក់ថា ការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលអង្ករ Indica ពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅក្នុងសហភាពអឺរ៉ុប (EU) ដែលបានបណ្ដាលឲ្យខូចខាតសេដ្ឋកិច្ចដល់ប្រទេសផលិតអង្ករអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ វាជារឿងគួរឲ្យសោកស្ដាយណាស់ សម្រាប់ប្រទេសកម្ពុជាដ៏កំសត់មួយនេះ។ ជុំវិញបញ្ហានេះ មានទស្សនៈលើកឡើងផ្សេងៗគ្នាមួយចំនួន ដូចខាងក្រោមនេះ៖
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ទៅភ្នំពេញប៉ុស្តិ៍ថា ការនាំចេញអង្ករផ្កាម្លិះពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប នឹងមិនរងផលប៉ះពាល់ខ្លាំងទេពីពន្ធថ្មីនេះ ប៉ុន្តែ អង្ករសនឹងប៉ះពាល់ខ្លាំង តែកសិករអាចប្តូរទៅដាំស្រូវផ្កាម្លិះ ឬដំណាំផ្សេងវិញបើអាចធ្វើបាន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វានឹងអាស្រ័យលើនិរន្តរភាពរបស់អង្ករកម្ពុជា នៅហាងលក់អង្ករក្នុងទីផ្សារអឺរ៉ុប។ បើពួកគេចូលចិត្តអង្ករកម្ពុជា ផ្សារទំនើប និងអ្នកប្រើប្រាស់នៅអឺរ៉ុប អាចមិនគិតពីការចំណាយខ្ពស់បន្តិចនោះទេ។ វាគួរតែមិនមែនជាចំណែកធំ នៃការចំណាយលើការប្រើប្រាស់របស់ពួកគេទេ»។
«រដ្ឋាភិបាលគួរពិចារណាកាត់បន្ថយតម្លៃអគ្គិសនី និងកម្រៃសេវាកំពង់ផែ ដើម្បីជួយឧស្សាហកម្មអង្កររបស់យើងឲ្យនៅតែ ឬកាន់តែមានភាពប្រកួតប្រជែង ដែលនឹងជួយ»។
ចំណែកលោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការសម្រេចរបស់អឺរ៉ុប នឹងផ្តល់ផលប៉ះពាល់អវិជ្ជមានមួយចំនួន ដល់ឧស្សាហកម្មអង្ករកម្ពុជា។
លោកលើកឡើងថា៖ «កម្ពុជានៅតែចាត់ទុកថា អឺរ៉ុបគឺជាទីផ្សារសំខាន់របស់ខ្លួន គ្រាន់តែក្នុងករណីដែលគេកំណត់ឲ្យយើងបង់ពន្ធ គឺយើងត្រូវតែរកវិធីដោះស្រាយ។ យើងក៏ត្រូវពិនិត្យមើលទៅលើថ្លៃដើម ដើម្បីឲ្យមានតុល្យភាពនឹងការកំណត់ឲ្យបង់ពន្ធ ដែលមានដូចជាការបញ្ចុះថ្លៃដើម ដើម្បីនៅតែអាចបន្តនាំចេញទៅទីផ្សារអឺរ៉ុបបាន»។
ទីផ្សារអង្កររបស់កម្ពុជា អាចជាការពង្រីកការនាំចេញទៅកាន់ប្រទេស ចិន បន្ថែមទៀតព្រោះ ប្រទេស ចិន បានផ្តល់កូតានាំចូលអង្ករពីកម្ពុជា ៣០ ម៉ឺនតោន ក្នុង ១ឆ្នាំ។ កាលពីឆ្នាំ ២០១៨ តែកម្ពុជាបាននាំចេញបានត្រឹមតែ ១៧ ម៉ឺនតោនប៉ុណ្ណោះ។
ឯខាងអ្នករកស៊ីនាំចេញអង្ករ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia បានឲ្យប្រាប់ថា ទីផ្សារសហភាពអឺរ៉ុប នៅតែងតែសំខាន់សម្រាប់អង្ករកម្ពុជា ដូច្នេះក្រុមហ៊ុននាំចេញ នឹងចាំបាច់ត្រូវស្វែងរកដំណោះស្រាយ ដើម្បីរក្សាលទ្ធភាពនាំចេញទៅកាន់ទីផ្សារនេះ។
ក្នុងពេលជាមួយគ្នានេះ កម្ពុជា ចាំបាច់ត្រូវលើកកម្ពស់លទ្ធភាពប្រកួតប្រជែង និងរិះរកទីផ្សារថ្មីៗ ដើម្បីបន្ថយការពឹងផ្អែកលើទីផ្សារតែមួយ។
«យើងត្រូវការទីផ្សារអឺរ៉ុប ហើយយើងមិនអាចបាត់បង់ទីផ្សារនេះទេ។ ដូច្នេះ យើងនឹងស្វែងរកវិធីសាស្ត្រ ដើម្បីបន្ទាបការចំណាយប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង»៕