ក្រុមហ៊ុន Huawei កំពុងធ្វើតេស្តលើស្មាតហ្វូនស៊េរីថ្មីមួយ ជាមួយប្រព័ន្ធប្រតិបត្តិការ Hongmeng (Ark OS) ដែលខ្លួនបានសម្ងំអភិវឌ្ឍន៍ ដោយខ្លួនឯងជាង ៧ឆ្នាំកន្លងមក។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវចេញលក់នៅចុងឆ្នាំនេះតែម្តង ក្នុងតម្លៃប្រហែល ២៨៨ដុល្លារ។
Huawei មិនបានចេញមុខផ្តល់ការអត្ថាធិប្បាយ ជុំវិញសេចក្តីរាយការណ៍ខាងលើនេះរបស់ សារព័ត៌មានរដ្ឋចិន Gobal Times នៅឡើយនោះទេ។
រឿងដែលឈានដល់ ក្រុមហ៊ុន Huawei បង្កើតប្រព័ន្ធប្រតិបត្តិការ ដោយខ្លួនឯង គឺបន្ទាប់ពីអាមេរិក បានដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ កាលពីខែឧសភា ដែលធ្វើឲ្យក្រុមហ៊ុន Huawei មិនអាចរកស៊ីជាមួយក្រុមហ៊ុនរបស់អាមេរិក ក្នុងនោះរួមទាំងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនអាមេរិក Google ផងដែរ។
ក្រោយពីលោក ដូណាល់ ត្រាំ បានជួបជាមួយលោក ស៊ី ជិនពីង កាលពីខែមិថុនានៅប្រទេសជប៉ុនរួចមក អាមេរិក បានធ្វើការបន្ធូរបន្ថយការរឹតត្បិតលើក្រុមហ៊ុន Huawei តែលោក រិន ចេងហ្វៃ (Ren Zhengfei) នាយកប្រតិបត្តិរបស់ Huawei មិនបានរំពឹងខ្ពស់ ចំពោះការអនុគ្រោះរបស់អាមេរិកឡើយ គឺក្រុមហ៊ុន Huawei នៅតែស្ថិតនៅក្នុងជំហរមួយ ព្យាយាមផលិតអ្វីៗ ដែលជារបស់ខ្លួនឯងឲ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើការប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក៕
ប្រភព៖ Channel News Asia