ទីក្រុងហុងកុង ដែលជាតំបន់ស្វយ័តពិសេស របស់ប្រទេសចិន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ក្រោះថ្នាក់ជាទីបំផុត ដោយសារតែបាតុកម្មដ៏ក្តៅគគុក រយៈពេល ៩សប្ដាហ៍ជាប់ៗគ្នា ដោយក្រុមយុវជន ប្រឆាំងនឹងប្រទេសចិន ដោយមិនគោរពច្បាប់ និងសណ្តាប់ធ្នាប់ នៃប្រទេសមួយនេះ។
ប៉ូលិសទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឱ្យដឹងថាបាតុករច្រើនជាង២០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាជាមួយអាជ្ញាធរ គឺដោយសារពួកគេ រំលោភលើច្បាប់ប្រមូលផ្ដុំគ្នា និងប្រើប្រាស់ហិង្សាប្រឆាំងអាជ្ញាធរ។

ប៉ូលិសហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជាច្រើនដើម្បីបំបែកក្រុមបាតុករ ដែលដើមឡើយ បាតុកម្មនេះ គឺទាមទារឲ្យលុបចោលច្បាប់ធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក តែក្រោយមក បើទោះបីជា ច្បាប់ធ្វើបត្យាប័ននេះ ត្រូវបានលុបចោលតាមការទាមទារក៏ដោយ តែក្រុមបាតុករបានបង្កើតការទាមទារផ្សេងទៀត រហូតដល់ ចង់ឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam ចុះចេញពីតំណែង ដែលប្រទេសចិនបាននិយាយថា អាមេរិក គឺជាអ្នកនៅពីក្រោយ បង្កឲ្យកើតមាននូវចលនាបាតុកម្មនេះ។
លោកស្រី Carrie Lam បានប្តេជ្ញាថា លោកស្រីនឹងមិនចុះពីតំណែងជាដាច់ខាត ក៏ប៉ុន្តែនឹងខំប្រឹងប្រែងស្តារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងហុងកុងឲ្យបានឡើងវិញ។
លោកស្រី Carrie Lam បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា៖ “សកម្មភាពបាតុកម្មតវ៉ាថ្មីៗនេះ បានបង្កជាអំពើហិង្សាឥតឈប់ឈរ ហើយទង្វើគួរឲ្យព្រួយបារម្ភទាំងនេះ បានបន្តហួសហេតុដែលមិនមែនសំដៅតែប្រឆាំងនឹងច្បាប់ ស្តីពីការធ្វើបត្យាប័នទៀតនោះឡើយ គឺក្រុមអ្នកតវ៉ាទាំងអស់នោះ កំពុងតែរុញច្រានទីក្រុងហុងកុង ឲ្យឆ្ពោះទៅរកស្ថានការណ៍យ៉ាងគ្រោះថ្នាក់ជាទីបំផុត”។

លោកស្រី Carrie Lam បានបន្ថែមថា ការចុះចេញពីតំណែងរបស់មន្ត្រីលោកស្រី ឬក៏របស់លោកស្រីផ្ទាល់ នឹងមិនអាចជួយស្ថានការណ៍បច្ចុប្បន្នឡើយ ខណៈអ្វីដែលគួរផ្តោតសំខាន់ គឺលោកស្រីត្រូវដឹកនាំទីក្រុងហុងកុង ចេញពីស្ថានការណ៍ដ៏យ៉ាប់យឺនបច្ចុប្បន្ន។ វាគឺជារឿងចាំបាច់ដើម្បីការពារច្បាប់ និងសណ្តាប់ធ្នាប់ ព្រមទាំងធានាសុវត្ថិភាពជារួមក្នុងទីក្រុងហុងកុង ដែលជាតួនាទីរបស់កម្លាំងសមត្ថកិច្ចទីក្រុងហុងកុង។
ទីក្រុងហុងកុង ដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្ម ដ៏មមាញឹកបំផុតមួយនៅលើពិភពលោក កំពុងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ បានប៉ះពាល់ដល់ វិស័យពាណិជ្ជកម្ម ទេសចរណ៍យ៉ាងខ្លាំង ដោយនៅថ្ងៃចន្ទនេះ ជើងហោះហើរ ជាង ២០០ ត្រូវបានលុបចោល ហើយនៅតាមស្ថានីយរថភ្លើង ក៏មានការកកស្ទះផងដែរ ដោយសារតែការបន្តបង្កើនឡើង នូវសកម្មភាពតវ៉ារបស់ក្រុមបាតុករ៕