វ៉ាស៊ីនតោន(Channel News Asia)៖ ក្រុមហ៊ុន Apple បានចេញមុខព្រមានអំពីផលប៉ះពាល់ ដែលកើតចេញពីការដំឡើងពន្ធ ដោយរដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោក ដូណាល់ ត្រាំ ទៅលើទំនិញនាំចូលពីប្រទេសចិន ខណៈដែល Apple កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃការលក់របស់ខ្លួន ជាពិសេសទីផ្សារសំខាន់របស់ខ្លួន គឺក្នុងប្រទេសចិននោះ។
ក្រុមហ៊ុន Apple បានធ្វើការគូសបញ្ជាក់ នៅក្នុងឯកសារមួយផ្ញើទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ថា គម្រោងដំឡើងពន្ធបន្ថែមរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យការប្រកួតប្រជែងរបស់ Apple រងផលប៉ះពាល់ខ្លាំង ដែលនាំឲ្យការបង់ពន្ធ និងការវិនិយោគ របស់ក្រុមហ៊ុន Apple សម្រាប់សេដ្ឋកិច្ចអាមេរិក មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ។ នៅក្នុងលិខិតនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា “ផែនការនេះនឹងធ្វើប៉ះពាល់ខ្លាំងដល់ ការប្រកួតប្រជែងរបស់ Apple នៅលើទីផ្សារ ប៉ុន្តែវានឹងធ្វើឲ្យគូប្រជែងនានាដូចជាចិន កាន់តែងើបខ្លាំងឡើងវិញ…។ ក្រុមហ៊ុនទាំងឡាយរបស់ចិន ដែលជាគូប្រជែងរបស់ Apple មិនមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់ណាមួយ នៅក្នុងទីផ្សារសហរដ្ឋអាមេរិកឡើយ ដូច្នេះពួកគេនឹងមិនរងផលប៉ះពាល់ ដោយសារការដំឡើងពន្ធពីអាមេរិកនោះឡើយ…”។
ផលប៉ះពាល់របស់ Apple គឺកើតឡើងដោយសារការឡើងពន្ធ ២៥% ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើទំនិញចិន ដែលមានទំហំសរុប ២៥០ពាន់លានដុល្លារ ហើយលោក ដូណាល់ ត្រាំ បានគំរាមដាក់បន្ថែមពន្ធនាំចូល ៣០០ពាន់លានដុល្លារទៀត លើទំនិញនាំចូលពីចិន បើសិនជាកិច្ចជំនួប ដែលគ្រោងធ្វើឡើងនៅក្នុងកំឡុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន នៅចុងខែមិថុនា រវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក មិនទទួលលទ្ធផល ដែលលោក ដូណាល់ ត្រាំ ចង់បាននោះ។
Apple ថា ការដំឡើងពន្ធលើទំនិញរបស់ចិន គឺជាការធ្វើឲ្យក្រុមហ៊ុនបរទេស ជាពិសេស ចិន ទទួលបានផលប្រយោជន៍ ខណៈដែលផលិតផលរបស់ Apple កាន់តែឡើងថ្លៃជាពិសេស iPhone ជំនាន់ថ្មីៗតែម្តង។ បើសិនជាស្ថានការណ៍បែបនេះកើតឡើងមែន តម្លៃរបស់ iPhone ជំនាន់ក្រោយៗនឹងកាន់តែថ្លៃ ហើយអ្នកដែលចង់បាន iPhone នឹងអាចប្តូរចិត្តទៅរក ផលិតផល ក្រុមហ៊ុនផ្សេងៗវិញ។ ដោយឡែកអ្នកដែលមាន iPhone ជំនាន់មុនប្រើស្រាប់ ក៏អាចនឹងពិបាក សម្រេចចិត្តដូរយកស៊េរីថ្មីផងដែរ ព្រោះវាកាន់តែមានតម្លៃថ្លៃហួសសមត្ថភាព របស់ពួកគេ៕