ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងពីប្រទេសចិនថា កម្ពុជាត្រូវខិតខំបើកពង្រីក និងពង្រឹងទីផ្សារឲ្យបានច្រើនថែមទៀត ក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជា ចេញក្រៅដូចជា នៅក្នុងប្រទេសចិន អាហ្វ្រិក មឈ្ឈិមបូព៌ា និងកូរ៉េជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ កូននិស្សិតចំនួន៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុង ប្រទេសចិនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ហើយសម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ពិភពលោក ដល់និស្សិតឲ្យបានយល់ដឹងផងដែរ។
សម្តេចបានមានប្រសាសន៍ថា «សម្តេចនឹងបន្តខិតខំដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិឲ្យបានរឹងមាំបន្ថែមទៀត»។ ជាមួយគ្នានេះដែលសម្តេចតេជោ សប្បាយរីករាយ និងមានមោទនៈភាពដែលបានឃើញកូនក្មួយ និស្សិតមានឱកាសបានមកសិក្សានៅប្រទេសចិន ដែលជាប្រទេសមហាអំណាចមួយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៅបានលើកឡើងថា ក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះសម្តេច នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ។ នៅក្នុងឆ្នាំ២០១៧ យើងទទួលបានទេសចរចិនប្រមាណ១.២ លាននាក់ ហើយនៅឆ្នាំ២០១៨ កន្លងទៅនេះទេសចរចិនបានកើនឡើងដល់១.៩លាននាក់ ។
គួររម្លឹកផងដែរថា សព្វថ្ងៃនេះទំហំពាណិជ្ជកម្មកម្ពុជា និងចិនក៏បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ ។ ប្រទេសចិន គឺជាប្រទេសបោះទុនវិនិយោគធំជាងគេនៅកម្ពុជា នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ស្ពាន ស្ពានអាកាស និងវារីអគ្គិសនីជាដើម៕