សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​៖ ចិន ផ្ដល់ជំនួយឥតសំណង​ ​ជិត ៨៤​លាន​ដុល្លារ ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​ ​របស់​ប្រទេស​កម្ពុជា​

2652

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចិន បន្ដ​ផ្ដល់​ជំនួយឥតសំណង រហូតដល់ ៦០០​លាន​យ័ន ស្មើនឹង​ប្រមាណ ៨៤​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា សម្រាប់​ពង្រឹង​វិស័យ​ការពារជាតិ បន្ថែម​ពីលើ​អ្វីដែល​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​កន្លងមក​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​បញ្ចប់​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អះអាងថា ទំហំ​ទឹកប្រាក់​ដែល​មហាមិត្ត​ចិន​បង្កើន​នេះ គឺជា​ការបញ្ជាក់​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចិន​នឹង​បង្កើន​នូវ​ជំនួយឥតសំណង​ដល់​កម្ពុជា​ខាង​វិស័យ​យោធា​ទឹកប្រាក់​ក្នុង​ទំហំ ៦០០​លាន​យ័ន សម្រាប់​យើង​យកមក​ពិភាក្សា និង​ចាត់ចែង​ដើម្បី​បង្កើន​នូវ​សមត្ថភាព​វិស័យ​ការពារជាតិ​របស់​យើង គឺ​ខាង​យោធា​តែម្ដង ដែល​នេះ​បន្ដ​ពី​កិច្ចសហប្រតិបត្តិការ​ជាស្រេច​រួចមកហើយ​»​។​

​ប្រមុខ​ការពារជាតិរ​បស់​កម្ពុជា បាន​គូស​បញ្ជាក់ទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ស​ម្ដេចទៅ​ប្រទេស​ចិន​ក្នុងឱកាស​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ដែលមាន​ស្រាប់ កាន់តែ​រឹងមាំ​បន្ថែមទៀត លើ​អ្វីដែល​ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​កន្លងមក​។​

​សូម​រំលឹកថា បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧ នៅ​ទីក្រុង​អ៊ូ​ហាន រួចមក នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា ដឹកនាំ​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចូលជួប​សម្ដែង​ការគួ​សម នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ រដ្ឋ​ម​ន្ត្រី្ហ​ការពារ​ជាតិចិន នៅ​ទីក្រុង​ប៉េកាំង​បន្តទៀត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​បាន​ខិតខំ​ជំរុញ ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន​។ រដ្ឋ​ម​ន្ត្រី្ហ​ការពារ​ជាតិចិន បាន​បញ្ជាក់ថា ចិន និង​កម្ពុជា ជា​មិត្ត​ដែកថែប ហើយ​ក្រោម​ការដឹកនាំ​របស់ ប្រធានាធិបតី ស៊ី ជីន​ពីង ក៏ដូចជា​សម្តេច​តេ​ជោ ហ៊ុន សែន ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កាន់តែ​ស៊ីជម្រៅ ហើយ​បច្ចុប្បន្ននេះ ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ជា​ចុងក្រោយ រដ្ឋមន្ដ្រី​ការពារ​ជាតិចិន បាន​បញ្ជាក់ថា ប្រទេស​ចិន​នៅតែ​បន្ត​ផ្តល់ជំនួយ និង​ការគាំទ្រ​ដល់​ការកសាង​កងទ័ព និង​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ របស់​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយជ្រោមជ្រែង ផ្តល់​ការជួយឧបត្ថម្ភ ក្នុងការ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កងទ័ព​ទាំងពីរ​កម្ពុជា ចិន ដូចជា​ការផ្លាស់ប្តូ​រគ​ណៈ​ប្រតិភូ ការបង្កើន​កម្រិត នៃ​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន បង្កើន​ប្រសិទ្ធភាព នៃ​ការបណ្តុះបណ្តាល ធនធានមនុស្ស រួមទាំង​កិច្ចសហប្រតិបត្តិការ​កម្រិត​តំបន់ និង​អន្តរជាតិ ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​កាន់តែ​រឹងមាំ​។​

​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ វ៉េ ហ្វ៊ុ​ង​ហឺ រដ្ឋមន្ដ្រី​ការពារ​ជាតិចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​កិច្ចសហប្រតិបត្តិការ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន​ផងដែរ​៕​