កឹម មនោ​វិទ្យា​៖ ​ផែនការ​វិលត្រឡប់​ថ្ងៃទី​៩ ខែវិច្ឆិកា​ ​របស់​ ​សម រ​ង្ស៉ី​ ​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​

1338

​កូនស្រី​របស់លោក កឹម សុខា និង​ជា​អតីត​អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ  កញ្ញា កឹម មនោ​វិទ្យា បាន​ថ្លែង​អះអាងថា គ្មាន​ផែនការ​ពិតប្រាកដ​ណាមួយ​របស់ សម រ​ង្ស៉ី វិលត្រឡប់​ច​ចូលទៅ​កាន់​ប្រទេស​កម្ពុជា​នោះទេ វា​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ ហើយ​ក្រុម​លោក សម រ​ង្ស៉ី ចាត់ទុក​បណ្តាញ​ព័ត៌មាន និង​អ្នកគាំទ្រ​របស់ខ្លួន​ជា​មនុស្ស​ល្ងីល្ងើ​ម្តង​ហើយ​ម្តងទៀត​។​

កញ្ញា កឹម មនោ​វិទ្យា បានលើកឡើងថា៖ “​គ្មាន​ផែនការ​ពិតប្រាកដ​សម្រាប់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់ ដើម្បី​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​នោះទេ​។ វា​គ្រាន់តែ​ជាការ ទាក់ទាញ​ចំណាប់អារម្មណ៍​ថ្មី​មួយទៀត​ពី​អ្នក​ដែល​មិនបាន​ធ្វើ​អ្វី​សោះ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ ក្រៅតែពី​បង្កើត​រឿង​ទាក់ទាញ​ចំណាប់អារម្មណ៍ ដើម្បី​ព័ត៌មាន​ចុះផ្សាយ​។ ពួកគេ​ចាត់ទុក​បណ្តាញ​ព័ត៌មាន និង​អ្នកគាំទ្រ​របស់ខ្លួន​ជា​មនុស្ស​ល្ងីល្ងើ​ម្តង​ហើយ​ម្តងទៀត​”​។​

​នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា កឹម មនោ​វិទ្យា ប្រាប់​សារព័ត៌​មានវី​អូ​ឌី ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​កញ្ញា កឹម មនោ​វិទ្យា បាន​បន្តទៀតថា “​ឆាកជីវិត​នយោបាយរ​ប​ស់លោក សម រង្ស៊ី ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​កំពុង​និរទេស​ខ្លួន​នោះ គឺ​ចប់​អស់ហើយ ដោយសារតែ​លោក​ខ្វះ​ការប្តេជ្ញាចិត្ត ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ​បែប​អត្តនោម័ត ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ​ខ្វះ​ទស្សនៈវិស័យ​បែប​យុទ្ធសាស្ត្រ​​។”​

​សូម​ជំរាប​ថា កញ្ញា កឹម មនោ​វិទ្យា កំពុង​រស់នៅ​សហរដ្ឋអាមេរិក ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​១១៨​រូប របស់​អ​តីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ហាមឃាត់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។​

​ជាមួយ​នោះ​ផងដែរ លោកស្រី មូរ សុខ​ហួរ មនុស្ស​ជំនិត​របស់​ទណ្ឌិត សម រ​ង្ស៉ី ដែល​ត្រូវបាន​គេ​ដឹងថា ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជាច្រើន​នាក់ ដែល​បាន​ចូលរួម​រៀបចំ​រដ្ឋប្រហារ​ខុសច្បាប់​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ថា លោកស្រី​សម្រេច​ចិត្ត​ ​វិលត្រឡប់​ទៅកាន់​សហរដ្ឋអាមេរិក​វិញ ក្រោយ​អាជ្ញាធរ​ថៃ​បិទ​មិន​ឲ្យ​ចូលក្នុង​ទឹកដី​ប្រទេស​ថៃ ដើម្បី​ប្រើប្រាស់​សកម្មភាព​ប្រឆាំង​កម្ពុជា​។​

​លោកស្រី មូរ សុខ​ហួរ បាន​អះអាង​បែបនេះ​ប្រាប់​ដល់​សារព័ត៌មាន​អូស្ត្រាលី The Sydney Morning Herald ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា “​ពួកគេ​បានឱ្យ​ខ្ញុំ​ស្ថិតនៅក្នុង បន្ទប់​ពិសេស​មួយ​, ពួកគេ (​អាជ្ញាធរ​ថៃ​) នៅតាម​ឃ្លាំមើល​ខ្ញុំ ហើយ​បន្ទាប់មកទៀត​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ Malaysian Airlines បាន​ប្រឹងប្រែង​ស្វែងរក​ជើងហោះហើរ​ថ្មី ឱ្យ​ខ្ញុំ​ត្រឡប់​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​វិញ”​។​

​លោកស្រី​បាន​អះអាង​បន្ថែមថា “ខ្ញុំ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ឆ្លង​ព្រំដែន​ឡើយ ហើយក៏​មិន​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ចាក​ចេញពី​អាកាសយានដ្ឋាន​ដែរ​។ ដូច្នេះហើយ ជំនួស​ឱ្យ​ការធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ហ្សា​ការ​តា តាម​ការគ្រោងទុក​, ខ្ញុំបានសម្រេច​ចិត្ត​ត្រឡប់​ទៅកាន់​សហរដ្ឋអាមេរិក​វិញ ជាជាង​ត្រូវបាន​បណ្ដេញ​ចេញពី​ប្រទេស​ឥណ្ឌូណេស៊ី ​ជាថ្មី​ម្ដងទៀត​​។”​

​ផ្អែក​តាម មាត្រា​២ នៃ​ធម្មនុញ​អាស៊ាន បាន​ចែងថា រដ្ឋ​ជា​សមាជិក​អាស៊ាន មិនត្រូវ​ចូលរួម​ក្នុង​គោលនយោបាយ ឬ​សកម្មភាព​ណាមួយ ដែល​រួមមាន​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ទឹកដី​របស់ខ្លួន​ឱ្យ​រដ្ឋ​សមាជិក​អាស៊ាន ឬ​រដ្ឋ​មិនមែនជា​សមាជិក​អាស៊ាន ឬ​ឱ្យ​តួអង្គ​ដទៃទៀត​ដែល​ពុំមែន​ជា​រដ្ឋ គំរាម​គំហែង​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី ឬ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​រដ្ឋ​សមាជិក​អាស៊ាន​ណាមួយ​ឡើយ​។​

​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទណ្ឌិត សម រ​ង្ស៉ី និង​ភរិយា រួម​និង​មនុស្ស​ជំនិត​៧​រូប​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ជន​ដែល​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​រួមមាន​៖ ទណ្ឌិត សម រ​ង្ស៉ី និង​ភរិយា លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​, លោក អេង ឆៃអ៊ាង​, លោកស្រី មូរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក ហូរ វ៉ាន់​, លោក ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ និង​លោក នុត រំដួល​។​

​ជន​ត្រូវ​ចោទ​ទាំង​៩​រូប ត្រូវបាន​ចោទប្រកាន់​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពីបទ «​ឧបឃាត​» ដោយ​យោងតាម​មាត្រា​២៧ និង ៤៥១​នៃ​ក្រមព្រហ្មទណ្ឌ​៕​