កម្ពុជា នាំចេញ​ ​ជ័រកៅស៊ូ​ បាន​ជាង​១៧​ម៉ឺន​តោន នៅ​រយៈពេល​៩​ខែ​ឆ្នាំនេះ​

1001

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​​ កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​  ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ ​កៅស៊ូ ​ចំនួន​ ១៧៣,០៧២​​ តោន កើនឡើង​២៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ទទួលបាន​ចំណូល​ប្រមាណ​ ២៣០​លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​បញ្ជាក់ថា តម្លៃ​ជា​មធ្យម​របស់​ជ័រកៅស៊ូ នៅ​៩​ខែ​ដំបូង ឆ្នាំ​២០១៩​នេះ មានតម្លៃ​១,៣៣៥​ដុល្លារ​ក្នុង​១​តោន បាន​ធ្លាក់ចុះ​២%​។ ដូច្នេះ​បើ​គិត​ជា​ចំណូល​ដែល​កម្ពុជា ទទួលបាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​៩​ខែ មាន​ចំនួន​ប្រមាណ​ជា ២៣១,០៥១,១២០​ដុល្លារ​អាមេរិក​។​

​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ ក្នុង​ខែកញ្ញា មាន​ចំនួន​ប្រមាណ​ជាជាង ២៣,៨០៩​តោន ខណៈ​តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​ក្នុង​ខែកញ្ញា​មានតម្លៃ ១,៣០៣​ដុល្លារ​ក្នុង​១​តោន បាន​ថយចុះ​២.១៥%​ផងដែរ​។​

​សូមបញ្ជាក់ថា រយៈពេល​ពេញ​មួយឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​២១​ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​។ ជ័រកៅស៊ូ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម ស​ង្ហឹ​បុរី និង​ម៉ាឡេស៊ី​៕​