ក្រចេះ៖ សម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួន ៨១.៦៤៩នាក់ បានទៅលេងកម្សាន្តនៅខេត្តក្រចេះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ២៤៩.៨០៩នាក់ គឺមានការថយចុះចំនួន ១៦៨.១៦០នាក់ ស្មើនឹង -៦៧,៣១%។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ។
បើតាមមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ឱ្យដឹងថា ចំនួនភ្ញៀវទេសចរ មានការធ្លាក់ចុះខ្លាំងក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ បើធៀបរយៈពេលដូចគ្នា២០១៩នេះ គឺដោយសារមូលហេតុប្រទេសកម្ពុជា ជួបវិបត្តិជំងឺកូវីដ១៩។
ទោះយ៉ាងណា មន្ទីរទេសចរណ៍ខេត្ត បានអះអាងថា នឹងខិតខំធ្វើឱ្យខេត្តក្រចេះ ក្លាយជាផ្នែកមួយនៃប៉ូលអទិភាពទេសចរណ៍ និងជាខេត្តគោលដៅនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដែលមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិភាគឦសាន តាមរយ:ការពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងផ្តួចផ្តើមបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ ដើម្បីស្រូបយកភ្ញៀវទេសចរឲ្យមកទស្សនាកំសាន្តកាន់តែកើនច្រើនឡើងថែមទៀត។
ជាមួយគ្នានេះ ធនធានឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ក្នុងខេត្តក្រចេះ នឹងត្រូវបានអភិវឌ្ឍនិងកែកម្អប្រកបដោយគុណភាព ដោយមានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិមក ទស្សនាខេត្តក្រចេះ កើនទ្វេរដងត្រឹម ឆ្នាំ២០២៣ ជាមួយនឹងការកម្សាន្ត និងស្នាក់នៅប្រកបដោយការពេញចិត្ត និងចំណាយពេលយ៉ាងតិចពីរយប់។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ បានឱ្យដឹងថា សម្រាប់រយៈពេល១ឆ្នាំ២០១៩កន្លងទៅភ្ញៀវជាតិ និងអន្តរជាតិ ដែលបានទៅលេងកម្សាន្តនៅខេត្តក្រចេះ មានចំនួន ៣៧៣.៦៩៦នាក់ ប្រៀបធៀបឆ្នាំ២០១៨ មានចំនួន ៣២៣.១៩៦នាក់ កើនចំនួន ៥០.៥០០នាក់ ស្មើនឹង ១៥,៦២%៕
អត្ថបទ៖ នាង ចន្ថា