ហេតុអ្វី​បានជា សម្ដេច ហ៊ុន សែន ហ៊ាន​អះអាងថា នៅ​ឆ្នាំក្រោយ កម្ពុជា​​ នឹងមិន​ខ្វះ​អគ្គិសនី​ប្រើប្រាស់​?

1606

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ការខ្វះ​ខាត់​អគ្គិសនី​ក្នុងឆ្នាំនេះ គឺជា​បទពិសោធន៍ និង​ផ្ដល់ជា​មេរៀន​យ៉ាងច្រើន សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​បន្ទាប់ពី​ឆ្លងកាត់​មេរៀន​នេះរួចហើយ សម្តេច ហ៊ុន សែន បានបញ្ជាក់​អះអាងថា នឹង​គ្មាន​បញ្ហា​ដូចនេះ កើតឡើង​ជាថ្មី​ទៀតឡើយ​នៅ​ឆ្នាំក្រោយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ​ប្រមាណ ៣,១៦១​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​តើ សម្ដេច ហ៊ុន សែន សំអាង​ទៅលើ​ហេតុផល​អ្វីខ្លះ ទើប​សម្ដេច​ហ៊ាន​អះអាង​បែបនេះ​?

​ហេតុផល​មាន​ច្រើន ដូចជា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ដាក់​ដំណើរការ​ប្រមូល​អគ្គិសនី ពី​ប្រភព​ផ្សេងៗ​ទៀត ក្រៅពី​ការពឹង​ផ្អែកលើ​វា​រី​អគ្គិសនី ដែល​មិនអាច​ដំណើរការបាន នៅពេល​គ្មាន​ទឹក​គ្រប់គ្រាន់ ​ពោលគឺ​នៅ​ក្នុងរដូវប្រាំង​។ ប្រភព​អគ្គិសនី​ទាំងនោះ​រួមមាន រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​, ការវិនិយោគ​លើ​ម៉ា​ស៊ី​ភ្លើង​ដោយ​ប្រើ​ប្រេង និង​រោងចក្រ​អគ្គិសនី ប្រើប្រាស់ថាមពល​ពន្លឺព្រះអាទិត្យ ជាដើម​។​

បច្ចុប្បន្ននេះ​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​៣ បាន​ដំណើរការ​ហើយ ដែលមាន​កម្លាំង​ ៣៧០​មេ​ហ្គា​វ៉ា​ត់ និង​រោងចក្រ​មួយទៀត​ដែលមាន​អនុភាព ១៣០​មេ​ហ្គា​វ៉ា​ត់ នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ផងដែរ​។​

​សម្រាប់​ឆ្នាំក្រោយ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ត្រូវមាន​ម៉ាស៊ីនភ្លើង​ត្រៀម ដែលមាន​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់ (២០០​មេ​ហ្គា​វ៉ា​ត់ បានមកពី​ទិញម៉ាស៊ីន​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​២០០​មេ​ហ្គា​វ៉ា​ត់​ទៀត​ទិញ​អា​ល្លឺ​ម​ង៉ ដែល​ប្រើ​ប្រេង​ខ្មៅ​) ដែលត្រូវបាន​អនុម័ត​ថវិកា និង​ចាប់ផ្តើម​បញ្ជា​ទិញ ធ្វើយ៉ាងណា​ខែតុលា​ឆ្នាំនេះ​ឲ្យ​រួចរាល់ ដើម្បី​ត្រៀម​ទុកពេល​វា​រី​អគ្គិសនី​បញ្ចេញ​ភ្លើង​មិន​គ្រប់ គឺ​ម៉ាស៊ីនភ្លើង​ ៤០០​មេ​ហ្គា​វ៉ា​ត់ ​នេះ នឹង​ជួយ​ផ្គត់ផ្គង់​ថាមពល​នៅ​ទីក្រុង​ភ្នំពេញ​។​

បន្ថែមពីនេះទៅទៀតនោះ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាលពី​សប្តាហ៍​មុននេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ជួយ​ដល់​កម្ពុជា លើ​បញ្ហា​ខ្វះខាត​អគ្គិសនី ដោយ​សុំ​ឲ្យ​ជប៉ុន​ផ្តល់នូវ​ហិរញ្ញប្បទាន ដើម្បី​បន្ត​ការវិនិយោគ​លើ​បណ្តាញ​តង់ស្យុង​ខ្ពស់ ៥០០​គីឡូវ៉ុល ចាប់ពី​ព្រំដែន​ឡាវ មកដល់​រាជធានី​ភ្នំពេញ ដែលមាន​ចម្ងាយ ៣៥០​គីឡូម៉ែត្រ ព្រោះ​កម្ពុជា​បាន​ចរចា​ជាមួយ​ឡាវ​រួចហើយ ដោយ​ឡាវ​មាន​អគ្គិសនី​តែ​គ្មាន​ទីផ្សារ​ដើម្បី​បញ្ចេញ​។​

ចំណែក​ផែនការ​សម្រាប់​វិស័យ​អគ្គិសនី ត្រូវ​បានរៀបចំ​ឡើងវិញ​ផងដែរ ដើម្បី​ឆ្លើយតប​នឹង​ការរីកលូតលាស់​ដ៏​ឆាប់រហ័ស របស់​ប្រទេស​កម្ពុជា​។​

​អ្វីៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​នេះ នឹងធ្វើ​ឲ្យ​ឆ្នាំក្រោយ​នៅ​ទីក្រុងភ្នំពេញ មិន​ខ្វះ​អគ្គិសនី​ប្រើប្រាស់ ឬហេតុផលណាមួយ ដែលនាំឲ្យខ្វះអគ្គិសនីប្រើប្រាស់ ទៀត​​នោះទេ​។​

​ដូចដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​យើង​នៅមាន​បញ្ហា​ខ្វះខាត​ទឹក សម្រាប់​ប្រើប្រាស់​លើ​វា​រី​អគ្គិសនី ដែល​ធ្វើ​ឲ្យ​អគ្គិសនី​របស់​យើង គ្មាន​ស្ថិរភាព​នៅក្នុង​ការផ្គត់ផ្គង់​។ ឆ្នាំនេះ​ជា​បទពិសោធន៍​ផ្តល់​មេរៀន​ឲ្យ​យើង​ច្រើន ដែល​យើង​ត្រូវខិតខំ​រក​វិធី​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​ជួយ​បញ្ហា​ច្រំ​ដែល​នៅ​ឆ្នាំ​ខាងមុខ ។ វា​រី​អគ្គិសនី​របស់​យើង​មាន​កម្លាំង​ជិត ១៤០០​មេ​ហ្គា​វ៉ា​ត់ ប៉ុន្តែ​ផលិត​ថ្ងៃ​ខ្លះ​បានត្រឹមតែ​១០០​ឬ ២០០​មេ​ហ្គា​វ៉ា​ត់​ទេ យប់មិញ​ផលិត​បាន​ទៅដល់​៦០០​មេ​ហ្គា​វ៉ា​ត់ ….. ចំនួន​នេះ គឺជា​ចំនួន​មិន​គ្រប់​ទេ តែ​យើង​បាន​ប្រឹងប្រែង​អស់​លទ្ធភាព ដើម្បី​កាត់បន្ថយ​ការ​ដាច់​អគ្គិសនី​”​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ដោយសារ​ការ​ខ្វះ​ថាមពល​អគ្គិសនី នាពេល​កន្លងទៅ​ដែល​មានការ​កាត់ផ្តាច់​ភ្លើង ប៉ុន្តែ​នៅ​ឆ្នាំក្រោយ​មិនមាន​បញ្ហា​បែបនេះ កើតឡើង​ទៀត​នោះឡើយ បើ​វា​រី​អគ្គិសនី​មិន​ដើរ ក៏​ម៉ាស៊ីន​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ដើរ​ដោយ​ហ្គាស និង​ដើរ​ដោយ​ប្រេង​នៅតែ​ដំណើរការ ដើម្បី​បំពេញ​នូវ​ការខ្វះខាត​៕​