“​គោលនយោបាយ និង​ទិសដៅ នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​” នឹងធ្វើ​ការពិគ្រោះ​យោបល់​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១២ និង ១៣ ខែមីនា​នេះ​

1805

​ភ្នំពេញ​៖ សិក្ខាសាលា រៀបចំឡើង​ក្នុង​គោលបំណង ប្រមូល​ធាតុ​ចូល សម្រាប់​រៀបចំ​ជា​ឯកសារ​ទស្សនទាន និង​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការរៀបចំ​សេចក្តីព្រាង ក្របខ័ណ្ឌ​គោលនយោបាយ សេដ្ឋកិច្ច​ឌីជីថល ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ១២-១៣ ខែ មីនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ក្នុង​វិស័យ​បច្ចេកវិទ្យា រួមមាន​ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Alibaba និង Alipay, ក្រុមហ៊ុន Facebook ក្រុមហ៊ុន UnionPay International, ក្រុមហ៊ុន VISA International, ក្រុមហ៊ុន Huawei International, ក្រុមហ៊ុន Grab ក៏ដូចជា​ធុរកិច្ច​ថ្មីៗ (Startup) និង​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​កំពុងមាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា និង​ចាប់​ផ្តើមធ្វើ​បទ​បង្ហាញ និង​ចែករំលែក​ទស្សនៈ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ជា​លើកដំបូង​ស្តីពី សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​។​

​គួរ​បញ្ជក់​ផងដែរ​ថា សិក្ខាសាលា ដែល​សហការ​ដោយ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ជាមួយ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា នឹងមាន​ការចូលរួម​បើក​ក្រោម​អធិបតីភាព អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ហើយនឹង​បិទ​បញ្ចប់​ក្រោម​អធិបតីភាព របស់លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, អនុប្រធាន​ឧ​ត្ត​ម ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​សេចក្តីព្រាង ក្របខ័ណ្ឌ​គោលនយោបាយ សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​៕ ​