សិង្ហបុរី៖ ឆ្លើយតបទៅនឹងសំនួរដែលបានចោទសួរថា តើមានមូលដ្ឋានយោធា របស់ប្រទេសចិន នៅទឹកដីកម្ពុជាឬទេ? លោក វ័យ ហ្វ៊ុងហរ័ (Wei Fengh) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបញ្ជាក់ថា យ៉ាងច្បាស់ថា មិនមានមូលដ្ឋានយោធាចិន នៅលើទឹកដីកម្ពុជាទេ។
អត្ថបទទាក់ទង៖ តើគម្រោងអភិវឌ្ឍន៍ដ៏ធំក្នុងខេត្តកោះកុង នៃប្រទេសកម្ពុជា ធ្វើឡើងសម្រាប់បំរើភ្ញៀវទេសចរចិន ឬយោធាចិន?
លោក វ័យ ហ្វ៊ុងហរ័ (Wei Fengh) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេស ជាពិសេស មូលដ្ឋានយោធា របស់ប្រទេសចិន នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ជំហរ យ៉ាងច្បាស់ម្ដងហើយម្ដងទៀថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសទៀតថា កម្ពុជាក៏មិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយ អង្គការសហប្រជាជាតិផងដែរ។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសិង្ហបុរី រយៈពេលពីរថ្ងៃ នេះ ក៏មានការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការរួមដំណើរដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម និង នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និង ជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសក្រសួងការពារជាតិ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឡើងថ្លែងសន្ទរកថា គន្លឹះដើម្បីប្រាប់ឱ្យពិភពលោកបានដឹងអំពីភាពស្មុកស្មាញ និង ការប្រឈមផ្នែកសន្តិសុខ ក្នុងពេលបច្ចុប្បន្ន ព្រមទាំងបានចែករំលែកនូវ ទស្សនៈ សភាពការណ៍ថ្មីៗ ចំណេះដឹង និង បទពិសោធន៍ ដើម្បីជាប្រយោជន៍នាំមកនូវ សន្តិភាព និង ស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំក៏បានពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ៕