Reuters៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងទាមទារឲ្យប្រទេសអង់គ្លេស ដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei និងកុំប្រើប្រាស់បណ្តាញ 5G ដូចប្រទេសខ្លួនដែរ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅចក្រភពអង់គ្លេស ដោយឈរនៅលើការចោទប្រកាន់ចំពោះ ក្រុមហ៊ុនចិន Huawei នេះគឺជាអ្នកស៊ើបការសំងាត់ទៅឲ្យរដ្ឋាភិបាលប្រទេសចិន។
ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានទទួលស្វាគមន៍ដោយម្ចាស់ក្សត្រីយ៍អង់គ្លេស អេលីហ្សាប៊ែត (Elizabeth) និងព្រះអង្គម្ចាស់ ឆាល (Charles) សម្រាប់ថ្ងៃទី១ ហើយនៅថ្ងៃទីពីរនេះលោក ដូណាល់ ត្រាំ នឹងផ្តោតលើរឿងនយោបាយវិញម្តង តាមរយៈកិច្ចជជែកពិភាក្សានៅក្នុង វិមានរដ្ឋាភិបាលអង់គ្លេស (Downing Street), ការធ្វើសន្និសីទកាសែត និងការទទួលទានអាហារពេលល្ងាច ដែលអាចមានវត្តមានបណ្តាបេក្ខភាព ដែលនឹងត្រូវបន្តតំណែងពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ដែលបានប្រកាសលាលែងតំណែង ក្នុងនោះមានទាំងអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ដែលលោក ត្រាំ ទើបតែបង្ហាញការគាំទ្រ។
ក្រៅពីរឿង Brexit (ការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប) បញ្ហាទាក់ទងនឹងក្រុមហ៊ុន Huawei ក៏នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចពិភាក្សារបស់លោក ដូណាល់ ត្រាំ នៅទីក្រុងឡុងដ៍ដែរ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស ដូចជាគាំទ្រចំពោះរបស់រដ្ឋបាលរបស់លោក ដោយអនុញ្ញាតឲ្យក្រុមហ៊ុនចិន Huawei ចូលរួមចំណែកខ្លះក្នុងកិច្ចកសាងបណ្តាញ 5G របស់ខ្លួន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ត្រូវបានទទួលការស្វាគមន៍ ដោយការធ្វើបាតុកម្មតវ៉ាយ៉ាងកក្រើក ពីសំណាក់ប្រជាជនអង់គ្លេស នៅពាសពេញទីក្រុងឡុងដ៍ផងដែរ៕