ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសកម្ពុជា អាចនាំចេញ ចេកអំបូងលឿង ទៅកាន់ប្រទេសចិនបានដោយផ្ទាល់ហើយ តាមរយៈក្រុមហ៊ុនចំនួន ៥ ដោយពុំចាំបាច់ឆ្លងកាត់តាម ប្រទេសវៀតណាមទៀតនោះទេ ចាប់ពីពេលនេះតទៅ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ ដោយបានណែនាំឲ្យក្រុមហ៊ុននាំចេញទាំង ៥ ត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួនដូចជា៖
- ត្រូវរៀបចំសំបកវេចខ្ចប់ឱ្យបានត្រឹមត្រូវ ជាភាសាអង់គ្លេសស្របតាមលក្ខខណ្ឌតម្រូវ ដែលមានចែងក្នុងពិធីសាររួមមាន៖ ឈ្មោះក្រុមហ៊ុននាំចេញ, ឈ្មោះផលិតផល, មានលេខកូដចុះបញ្ជីកសិដ្ឋាន, លេខកូដចុះបញ្ជីទីតាំងវេចខ្ចប់, ប្រទេសប្រភពដើមផលិតផល,
- ត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យច្បាប់ដើម ភ្ជាប់មកជាមួយ នៅពេលនាំចេញមួយលើកៗ,
- នៅក្នុងវិញ្ញាបនបត្រភូតគាមអនាម័យ ត្រូវរំលេចពាក្យ «The consignment accords with the Protocol of Phytosanitary Requirements for the export of bananas from Cambodia to China and free of quarantine pests concern to China»។
អត្ថបទផ្សេងទៀត៖ ចេកអំបូងលឿងខេត្តកំពត នាំចេញទៅប្រទេសចិន តាមប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ
គួររំម្លឹកផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគលើកសិដ្ឋានដាំចេកអំបូងលឿងចំនួន ៥ ដែលបានទទួលការអនុញ្ញាត ឲ្យនាំចេកពីកម្ពុជាទៅកាន់ប្រទេសចិន ដែលរួមមាន៖ ១. ក្រុមហ៊ុន Longmat Agriculture Co., Ltd ២. ក្រុមហ៊ុន Long Sreng Hua Jian Agriculture Development Co., Ltd ៣. ក្រុមហ៊ុន Green Island Agriculture Development (Cambodia) Limited ៤. ក្រុមហ៊ុន Sovann Reachsey Co., Ltd និង ៥. ក្រុមហ៊ុន Grand Land Agriculture Development (Cambodia) Co., Ltd។