នៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងការពារជាតិចិន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ លោក Wu Qianបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ថា ប្រទេសចិន មិនបានធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាប្រទេសចិន ឈរជើងនៅមូលដ្ឋានសមុទ្រ របស់ប្រទេសកម្ពុជានោះឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានបន្តថា៖ “វាគឺជាពាក្យ ចចាមអារ៉ាម និងជារបាយការណ៍មិនពិត។ ប្រទេសចិន និងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញជាមួយគ្នា ព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺគ្មានការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ”។
គួររំម្លឹកផងដែរថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃទី២២ កក្កដា បានបញ្ជាក់ប្រាប់ថា ចិន និងកម្ពុជា បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេស ហើយកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងដោយបើកចំហ តម្លាភាព ស្មើភាព និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយរឿងបែបនេះ មិនត្រូវបានបកស្រាយបំផ្លើសលើសពីការពិតនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឆ្លើយតបទៅនឹងការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal ថា៖ “នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុត ប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា”។
សម្តេចតេជោ ហ៊ុន សែន បានអះអាងបន្តទៀតថា៖ “តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ”។
សារព័ត៌មាន The Wall Street Journal បានចេញផ្សាយថា៖ “ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម”៕