ដោយសារតែក្រុមបាតុករហុងកុង កាន់តែបំពាន និងមិនគោរពច្បាប់ បង្ករភាពវឹកវរ កាន់តែខ្លាំង ដល់សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅទីក្រុងហុងកុង រយៈពេល ៩សប្ដាហ៍ជាប់ៗគ្នាកន្លងមក រដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ បានព្រមានក្រុមបាតុករ កុំឲ្យពួកគេមើលស្រាលកម្លាំង ដ៏ធំធេងរបស់ទីក្រុងប៉េកាំង។
លោក យ៉ាង កាង (Yang Guang) ដែលជាអ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋចិន បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានមួយ នាទីក្រុងប៉េកាំងថា អ្នកដែលលេងជាមួយភ្លើងនឹងត្រូវវិនាសដោយសារភ្លើង និងបានបានចោទប្រកាន់ក្រុមចលនាប្រឆាំងនឹងអាជ្ញាធរចិនដីគោកថាជា «មេក្លោងនៅពីក្រោយឆាក» ដែលញុះញង់ឱ្យផ្ទុះអំពើហិង្សានៅក្នុងទីក្រុងហុងកុង។
ទីក្រុងហុងកុង បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ ជាងពីរខែមកហើយ ដោយចាប់ផ្ដើមពី ពីការតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ស្តីពីការធ្វើបត្យាប័នជនសង្ស័យទៅឲ្យអាជ្ញាធរចិនដីគោក តែក្រោយមក ការតវ៉ា បានវិវត្តទៅជាចលនាតវ៉ាយ៉ាងទូលំទូលាយ សម្រាប់កំណែទម្រង់ប្រជាធិបតេយ្យ និងការការពារសិទ្ធិសេរីភាព ប្រឆាំងនឹងរដ្ឋបាលទីក្រុងកុងហុង ដោយទាមទារឲ្យលោកស្រី Carrie Lam ចុះចេញពីតំណែង៕