ពេលនេះពិភពលោក អាចនឹងស្ថិតនៅក្នុងភាពគ្រោះថ្នាក់បំផុត ក្រោយពី សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) រវាងអាមេរិក និងរុស្ស៊ីក្នុងសម័យសង្គ្រាមត្រជាក់ ត្រូវបានបញ្ចប់នោះ។
សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) គឺហាមដាច់ខាតមិនឲ្យ មានការផលិតមីស៊ីល ឬបាញ់មីស៊ីល ចេញពីដីរយៈចម្ងាយមធ្យមពី ៥០០-៥,៥០០គីឡូម៉ែត្រ។ បើសន្ធិសញ្ញា ត្រូវបានបញ្ចប់នោះ មានន័យថា យសហរដ្ឋអាមេរិក អាចធ្វើការអភិវឌ្ឍ, សាកល្បង និងដាក់ពង្រាយមីស៊ីលបែបនេះ នៅជុំវិញពិភពលោក ចំណែកឯប្រទេសរុស្ស៊ី ក៏អាចធ្វើបានដូចគ្នាផងដែរ ដើម្បីប្រណាំងសមត្ថភាព និងការពារខ្លួន ហើយវាជាអ្វីដែលពិភពលោកខ្លាចបំផុត។
ពេលនេះ អាមេរិក ដែលមានលោក ម៉ាក អេស្ពើ (Mark Esper) រដ្ឋមន្ត្រីការពារជាតិទើបតែចូលកាន់ដំណែងថ្មីៗបានបង្ហើបឲ្យដឹងអំពីបំណង ចង់បំពាក់សព្វាវុធឱ្យតំបន់អាស៊ី នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍នេះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃចន្ទកន្លងទៅនេះ ថានឹងបដិសេធសំណើរបស់អាមេរិក សម្រាប់ការដំឡើង ឬដាក់ពង្រាយ មីស៊ីលរយៈចំងាយមធ្យមរបស់អាមេរិក នៅលើទឹកដីរបស់ខ្លួន។
ការនិយាយបដិសេធនេះ អាចមកពី ភាពតានតឹងរវាងអាមេរិក និងចិន ដោយសារ សង្គ្រាមពាណិជ្ជកម្ម, បញ្ហាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដែលធ្វើឱ្យអូស្ត្រាលី ត្រូវកៀប ជាប់នៅកណ្ដាល នៃប្រទេសទាំង២ ដោយហេតុថា សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏ធំ រីឯចិនវិញ គឺជាទីផ្សារនាំចេញដ៏ធំ។

ចំណែកឯរដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅនេះដែរថា ករណីដាក់ពង្រាយ មីស៊ីលរយៈចម្ងាយមធ្យម នឹងមិនត្រូវលើកយកមកពីភាក្សា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ រវាងប្រទេសទាំងពីរនៅទីក្រុងសេអ៊ូល នៅថ្ងៃសុក្រសប្តាហ៍នេះទេ ព្រោះមិនស្ថិតក្នុងរបៀបវារៈសន្ទនា។
យ៉ាងណាក៏ដោយ វានៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើប្រទេសណាខ្លះនឹងទទួលយកសំណើររបស់អាមេរិកនោះ។
នៅឯទីក្រុងម៉ូស្គូវិញ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏មិននៅស្ងៀមដែរ លោកបានប្រកាសថា អាមេរិកបានចាប់ផ្ដើមអភិវឌ្ឍន៍ ឬផលិតមីស៊ីលនុយក្លេអ៊ែររយៈចំងាយខ្លី និងមធ្យម។ ដូចនេះ រុស្ស៊ីគ្មានជម្រើសអ្វីផ្សេង ក្រៅតែធ្វើតាមអាមេរិកដែរនោះទេ។

តើពិភពលោក នឹងទៅជាយ៉ាងណា ក្រោយ សន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខា ដោយអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ បានរលាយបាត់ហើយនោះ?