ក្រសួងសេដ្ឋកិច្ច និង​សភាពណិជ្ជកម្ម កំពុង​រក​ដំណោះស្រាយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ក្រោយ​វិបត្តិ​វីរុស​កូវីដ១៩

826

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសភាពណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នាមួយ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីពិគ្រោះយោបល់រកដំណោះស្រាយជួយដល់ផ្នែកឯកជន ដែលជាធុរជន កំពុងធ្វើធុរកិច្ច ឬ ប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនានា ក្នុងប្រទេសកម្ពុជាដែលកំពុងជួបបញ្ហាក្នុងពេលដែលពិភពលោកកំពុងប្រយុទ្ធនឹងវីរុសកូវីដ១៩។
កិច្ចប្រជុំដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្នែកឯកជនដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមន្ត្រីសំខាន់ៗរាជរដ្ឋាភិបាល រួមនឹងធុរជនសំខាន់ៗមួយចំនួនផងដែរ។
ការស្វែងរកដំណោះស្រាយនេះ ភាគីពាក់ព័ន្ធបានផ្តល់ជាធាតុចូល ក៏ដូចជាវិស័យឯកជនកំពុងជួបប្រទះ ក្នុងវិស័យសំខាន់ៗរបស់ខ្លួន ជូនដល់ផ្នែករដ្ឋាភិបាល ស្វែងយល់បន្ថែមនូវបញ្ហាប្រឈមជាក់ស្តែង ពីការរីករាលដាល នៃវីរុសកូវីដ១៩ និងរួមគ្នាធ្វើយ៉ាងណា ពិគ្រោះយោបល់ពីវិធានការដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាវិធានការស្តាសេដ្ឋកិច្ចឡើងវិញផងដែរ ក្រោយវីរុសកូវីដ ១៩ សាបរលាប។
ក្រៅពីនោះ កិច្ចប្រជុំពិគ្រោះយល់នេះ ក៏បានផ្តោតសំខាន់លើវិធានការដែលរាជរដ្ឋាភិបាលគួរដាក់ចេញក្នុងការស្តារសេដ្ឋកិច្ច និងជំរុញកំណើន, លទ្ធភាពនៃការចូលរួមរបស់វិស័យឯកជនក្នុងការដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិគ្រោះយោបល់ និងការលើកឡើងរបស់ធុរជនសំខាន់ៗវិស័យឯកជនរួចមក លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ដែលបានផ្តល់ជាធាតុចូល យោបល់ល្អសំខាន់ៗ ប្រហាក់ប្រហែលនឹងរាជរដ្ឋាភិបាលកំពុងគិតគូផងដែរ។ រាជរដ្ឋាភិបាល នឹងរៀបចំវិធានការបន្ថែមទៀតសំរាប់ដោះស្រាយចំពោះផលប៉ះពាល់ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យស្រូវអង្ករ, វិស័យកាត់ដេរ, វិស័យធនាគារ, វិស័យទេសចរណ៍ នឹងវិស័យផ្សេងៗទៀតដែលនឹងរងផលប៉ះពាល់ផងដែរ ក្នុងកំឡុងការីករាលដាលនៃជំងឺកូវីដ១៩៕
ដោយ៖ គង់ ប៊ុនណា