រដ្ឋមន្ត្រីកសិកម្ម អះអាង​ថា នឹង​មិនមាន​បញ្ហា​កង្វះស្បៀង​នោះទេ ខណៈ​កម្ពុជា សល់​អង្ករ​ជាង ១លាន ៥សែនតោន

707

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ផលស្តុកអង្ករសរុបនៅទូទាំងប្រទេសកម្ពុជា អាចផ្គត់ផ្គង់បានរហូតដល់ ៦ខែទៀត ក្នុងកាលៈទេសៈពិភពលោកជួបវិបិត្តសន្តិសុខស្បៀងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយ​សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។
លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ផលស្តុកអង្ករសរុប មាននៅតាមឃ្លាំង រោងម៉ាស៊ីនកិនស្រូវ តាមសហគមន៍ និងនៅតាមផ្ទះប្រជាជន ដោយមិនរាប់បញ្ចូលកន្លែងលក់អង្ករ ក្នុងពេលបច្ចុប្បន្ន នៅសល់ប្រហែលជាង ១លាន ៥សែនតោន។ លោក ថា ចំនួននេះ អាចផ្គត់ផ្គង់បានរហូតដល់ ៦ខែទៀត ខណៈការបង្កបង្កើនផលស្រូវវស្សារបស់កសិករ បានចាប់ផ្តើមជាបណ្ដើរៗ បានប្រមាណជិត ២ម៉ឺនហិកតា ទន្ទឹមនឹងការប្រមូលផលស្រូវប្រាំង នៅតាមបណ្តាខេត្តមួយចំនួន ក៏បាននិងកំពុងបង្ហើយនៅចុងរដូវនេះ ដើម្បីឈានទៅចាប់ផ្តើមស្រូវដើមរដូវឡើវិញ។
លោក រដ្ឋមន្ត្រី បានពន្យល់ថា ក្នុងរយៈពេល៦ខែខាងមុខនេះ ការផ្គត់ផ្គង់អង្ករក្នុងស្រុក ត្រូវការតែក្នុងបរិមាណប្រហែល ១លាន ១សែនតោនប៉ុណ្ណោះ ចំណែកសល់ ៤សែនតោនទៀត គឺជាប្រភេទអង្ករក្រអូប ដែលត្រៀមនាំចេញទៅទីផ្សារបរទេស។ លោក បានបន្តថា ផលស្តុកអង្ករនៅក្នុងប្រទេសកម្ពុជា ពុំចោទជាបញ្ហាខ្វះស្បៀង ក្នុងកាលៈទេសៈដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបវិបិត្ត ដោយការរាតត្បាតនៃជំងឺកូវីដ១៩នោះឡើយ៕