ភ្ញៀវទេសចរ ចាប់ផ្តើម​ទៅលេង​ខេត្តស្ទឹងត្រែង ​ជា​បណ្តើរៗ​វិញហើយ បន្ទាប់​ពី​ ជំងឺកូវីដ១៩​ ស្ងប់ស្ងាត់​នៅ​កម្ពុជា

651

ស្ទឹងត្រែង៖ លោក អ៊ន បោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃនេះថា ភ្ញៀវទេសចរ ចាប់ផ្តើមមកលេងខេត្តស្ទឹងត្រែងជាបណ្តើៗឡើងវិញហើយ បន្ទាប់ពីជំងឺកូវីដ១៩បានស្ងប់ស្ងាត់បន្តិចនៅកម្ពុជា។

លោកបន្តថា ភ្ញៀវទេសចរដែលធ្វើដំណើរមកលេងកម្សាន្តនៅខេត្តស្ទឹងត្រែងទាំងនោះ មានជាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលស្នាក់នៅកម្ពុជាស្រាប់ មិនទាន់មានភ្ញៀវអន្តរជាតិដែលទើបមកក្រៅប្រទេសទេ។

លោក អ៊ន បោសឿន បានមានប្រសាសន៍បន្តថា កន្លែងទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង ដែលភ្ញៀវទេសចរទៅកម្សាន្ត មានដូចជា ទឹកធ្លាក់សុភមិត្រ អន្លង់ផ្សោតអូរឈើទាល ពិសេសនៅតំបន់រ៉ាមសាដែលគេឱ្យរហស្សនាមថា ឋានសួគ៌ក្រោមមេឃ ដែលជាតំបន់ពោរពេញទៅដោយកោះជាច្រើន និងធនធានធម្មជាតិសំបូរបែប។

ប៉ុន្តែអ្វីដែលជាចំនុចអវិជ្ជមាននៅតំបន់ទេសចរណ៍នោះ គឺមានបន្សល់នូវកាកសំណល់ខ្លះដោយសារដោយសារភ្ញៀវទេសចរមួយចំនួន មិនទាន់យល់ពីបរិស្ថានស្អាត បានបោះចោលសំរាមគ្មានសំណ្តាប់ធ្នាប់៕

អត្ថបទ៖ ម៉ាក មេត្តា