សមាគម​រោងចក្រ​កាត់ដេរ ស្នើឱ្យ​ផ្អាក​ការចរចា ​ប្រាក់ឈ្នួល​កម្មករ​ សម្រាប់​ឆ្នាំ២០២១

649

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើភាគីពាក់ព័ន្ធ ផ្អាកជាបណ្តោះអា​សន្ន ការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០២១ ដោយសារវិស័យនេះ កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការរីករាលដាល​នៃវីរុសកូវីដ១៩ ហើយនឹងបើកការចរចារឡើងវិញ រហូតដល់ស្ថានភាពនៃវិស័យនេះមានភាពប្រក្រតីឡើងវិញ។

ក្នុងសេចក្តីថ្លែងការណ៍របស់ GMAC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមនេះ បានលើកឡើងថា ដោយស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក បាន និងកំពុងរងផលប៉ះពាលំយ៉ាងធ្ងន់ធ្ងរដោយសារការរាត្បាតជាសាកលនៃវីរុសផ្លូវដង្ហើមថ្មី កូវីដ១៩ (Cowd-19) វិស័យមួយចំនួនជួបនូវវិបត្តិជាច្រើនដែលមិនអាចប៉ាន់ស្មានបានជាមុន។ ជាក់ស្តែង នៅក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង, រោងចក្រ សហគ្រាសជាច្រើន បានផ្អាកដំណើការសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ខណៈមួយចំនួនទៀត បានសម្រេចចិត្តឈប់ដំណើការជាស្ថាពរ ដោយសារអ្នកបញ្ជាទិញទំនិញជាច្រើនបានលុបចោល ក៏ដូចជាមិនបានធ្វើការទូទាត់ប្រាក់ និងបដិសេធមិនទទួលយកទំនិញដែលបានផលិតរួច ដែលបានព្រមព្រៀងសម្រាប់ទំនិញដែលបានផលិតរួច ដោយហេតុថា នៅតាមបណ្តាហាងលក់ទំនិញដុំ និងរាយ នៅជុំវិញពិភពលោក បានបិទទ្វារស្ទើតែទាំងអស់ ខណៈតម្រូវការនៅក្នុងសកលលោក មានការធ្លាក់ចុះដល់កម្រិតអប្បបរមា។

GMAC ក៏បានលើកឡើងដែរថា ដោយស្ថិតក្នុងកាលៈទេសៈនេះ វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ក្នុងការវិលត្រឡប់មករកសភាពការដើមវិញ ដោយត្រូវចំណាយពេលយូរ។ ម្យ៉ាងវិញទៀត ក្នុងពេលបច្ចុប្បន្ន រោងចក្រយ៉ាងច្រើនក្នុងវិស័យនេះ បាននិងកំពុងព្យួរការងារ និងមានរោងចក្រមួយចំនួនកំពុងបិទទ្វារ។ ដូចនេះ យន្តការគាំទ្រនានា ជាវិធានការចាំបាច់ដើម្បីជួយរក្សាលំនឹងវិស័យនេះ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា យល់ឃើញថា ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរត្រូវបានពន្យារពេល។ ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២០ គួរបន្តសុពលភាពអនុវត្ត៕