ប៉េកាំង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមក្នុងកិច្ចប្រជុំមួយមានរយៈពេលជាង ៤ម៉ោង តែពុំទាន់មានសារព័ត៌មានណាមួយ ហ៊ានអះអាងបញ្ជាក់អ្វីលម្អិតនោះទេ។
តើ រយៈពេល៤ម៉ោង លោក គីម ជុងអ៊ុន និងលោក ស៊ី ជិនពីង បានពិភាក្សាគ្នាអំពីបញ្ហាអ្វីខ្លះ?
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថា លោក គីម ជុងអ៊ុន និងលោក ស៊ី ជិនពីង បានជជែកគ្នាអំពីជំនួបរវាង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បាននិយាយថា វាអាចនឹងកើត មានឡើងនៅចុងខែមករា ឬខែកុម្ភៈ នាពេលខាងមុខនេះ។ ហើយអ្នកទាំង២ ក៏បានពិភាក្សាគ្នា អំពីការរៀបចំយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនង នៃប្រទេសទាំងពីរផងដែរ។
ចំណែកប្រភពការទូតវិញនិយាយថា លោកស៊ី ជីនពីង ពិតណាស់នាពេលខាងមុខ នឹងទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនឹងធ្វើឲ្យលោកស៊ី ក្លាយជាមេដឹកនាំចិនដំបូងគេ ធ្វើដំណើរទៅកាន់ប្រទេសនេះ ចាប់តាំងពីឆ្នាំ២០០៥មក។
ចំណែកប្រភពពីកាសែតកូរ៉េខាងត្បូងMUNHWA ILBO បានរាយការណ៍ថា នាពេលថ្មីៗនេះថា បណ្ដាអ្នកទទួលខុសត្រូវ នៃក្រសួងការបរទេសអាមេរិក បានមកជួបជាមួយបណ្ដាអ្នកទទួលខុសត្រូវកូរ៉េខាងជើង ជាច្រើនលើក នៅទីក្រុងហាណូយ ដើម្បីនិយាយពីការរៀបចំ ជំនួបកំពូលថ្មីរវាងលោក ដូ ណាល់ត្រាំ និងលោក គីម ជុងអ៊ុន ដែលនាំឲ្យគេគិតថា ការជួបគ្នាជាថ្មីនេះ អាចធ្វើនៅវៀតណាម។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងលោកស្រី Ri Sol Ju ជាភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ជាច្រើនរូប បានចាកចេញពីទីក្រុងព្យុងយ៉ាង តាមរថភ្លើងពិសេសមួយ កាលពីល្ងាចថ្ងៃចន្ទ ហើយបានមកដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ ពោគឺរហូតដល់ថ្ងៃព្រហស្បតិ៍ តបតាមការអញ្ជើញរបស់លោក ស៊ី ជិនពីង។ នេះគឺជាដំណើរទស្សនកិច្ចជាលើក ទី៤ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ប្រទេសចិន៕